ការសិក្សាបឋម៖ រថភ្លើង​​ល្បឿនលឿន​ភ្នំពេញ-​ប៉ោយ​​ប៉ែត ត្រូវ​ការ​​ទុ​ន​វិនិ​យោគ​​ជាង ៤ពាន់​លាន​​ដុល្លារ​​​អាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន​ ហៅកាត់ថា CRBC បានធ្វើការសិក្សាបឋមរបស់ខ្លួនទៅលើកគម្រោង​​លើក​កម្រិត​ផ្លូវ​រថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿន​​លឿនដែល​មានប្រវែងសរុប​ប្រមាណ​៣៨២​គីឡូ​​ម៉ែត្រ​នេះត្រូវការទុនវិនិយោគជាង៤ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិ​​លទ្ធ​​​ភាព គម្រោង​លើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេ​​បំផុត​នៅ​កម្ពុជារវាងក្រសួងសាធរណការនិងដឹកជញ្ជូននិងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)កាលថ្ងៃទី២៣​ខែមករាឆ្នំា២០២៣កន្លងមកនេះ តំណាងក្រុមហ៊ុន CRBC បានធ្វើបទបង្ហាញ លើកយកនៅចំណុចសំខាន់ៗដែលបានសិក្សា៖ ១)-ទិដ្ឋភាពទូទៅនៃគម្រោង,២)-ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍,៣)-ផែនការនៃការសាងសង់,៤) -ស្តង់ដារ​បច្ចេកទេសគោលនៃខ្សែផ្លូវដែក,៥)-ការរៀបចំការដឹកជញ្ជូន,៦)-រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប,៧)-ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង៨)- ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។

តាមរយៈការសិក្សាបឋមរបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន បានបញ្ជាក់ថា គម្រោងខាងលើនេះមានប្រវែង​សរុប​ប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និង​ទូរ​​ថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមាន​ស្ថានីយ​សរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយ​ថាម​​ពល​​អគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ច​រា​​ចរណ៍​ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោង​សម្រាប់​​លើកដាក់ទំនិញ)។

តាមក្រសួងសាធារណការនិងដឹកជញ្ជូនដដែលបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះដែរទេសរដ្ឋមន្ត្រី បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបាន​ច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ​រដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។

ជំនួបពិភាក្សានេះដែរ គឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំ​​អនុ​សា​សន៍​​ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅ​​ឆ្ពោះ​​ទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ និងឱ្យស្រប​ទៅតាមស្មារតី​សម័យ​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែល​​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាពន្លឿនការសិក្សាគម្រោងលើក​កម្រិត​​ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ដើម្បីបម្រើឱ្យវិស័យដឹក​ជញ្ជូន​កាន់​តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុង​​នានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

សូមជម្រាបថា យោងតាមសំណើសុំធ្វើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-​​ប៉ោយ​​ប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្ដល់គោលការណ៍អនុញ្ញាតឱ្យមានការសិក្សាគម្រោងនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងទៅ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជា​គម្រោង​ដែល​ផ្តោត​​ចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការ​ដឹក​ជញ្ជូន​អ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅ​ក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និង​ភ្ជាប់​ទៅ​ក្រៅប្រទេសផងដែរ៕
អត្ថបទ៖សារេត