តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ព្រលានយន្តហោះនេះ គ្រោងអភិវឌ្ឍទៅជាលំដាប់ថ្នាក់៤C ពោលគឺប្រហាក់ប្រហែលនឹងព្រលានយន្តហោះរបស់ខេត្តសៀមរាបបច្ចុប្បន្នដែរ។
នាឱកាសនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា អាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង នឹងត្រូវកែលម្អឡើងវិញ ដើម្បីបម្រើដល់វិស័យទេសចរ និងការដឹកជញ្ជូន សម្រាប់រយៈពេលខ្លី និងមធ្យម។
អភិបាលខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់បន្ថែមថា៖«ដូចយើងបានដឹងស្រាប់ហើយពីខេត្តបាត់ដំបង់ ថ្វីត្បិតតែការការសាងសង់ព្រលានយន្តហោះវាលបែកចាន នៃខេត្តបាត់ដំបង មិនទាន់កំណត់ពេលវេលាជាក់លាក់ ក្នុងការបើកការដ្ឋាននៅឡើយក្តី ក៏សម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការប្រែក្លាយព្រលានយន្តហោះនេះជាព្រលានយន្តហោះថ្នាក់៤C ដែលប្រហាក់ប្រហែលនឹងព្រលានយន្តហោះរបស់ខេត្តសៀមរាបបច្ចុប្បន្នដែរ»។
បច្ចុប្បន្នគម្រោងនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាទៅលើការកែលម្អ និងកំពុងធ្វើការដោះស្រាយផលប៉ះពាល់ ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋបាលខេត្តបាត់ដំបង។
សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង។
យ៉ាងណាមិញ បើតាមរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ទៀតថា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ព្រលានយន្តហោះខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍទៅជាអាកាសយានដ្ឋានខ្នាត 4C ដែលអាចទទួលការចុះចត ទាំងយន្តហោះទាំងក្នុង និងក្រៅប្រទេសបាន។
ការជំរុញឱ្យមានការកែលម្អព្រលានយន្តហោះនេះឡើងវិញ គឺធ្វើឡើងក្រោយសង្កេតឃើញថា ព្រលានយន្តហោះបាត់ដំបង ត្រូវបានទុកចោលនិងផ្អាកដំណើរការ ចាប់តាំងពីទសវត្សឆ្នាំ៩០ ខណៈសម្តេចតេជោ ហ៊ុន សែន យល់ថា នៅពេលព្រលានយន្តហោះនេះត្រូវបានកែលម្អឡើងវិញនោះ វានឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាកាន់តែមានសក្តានុពលថែមទៀត៕ អត្ថបទ៖ ពិសី