រយៈពេលថ្មីៗនេះប្រជាកសិករដែលជាអ្នកចិញ្ចឹមជ្រូកមានការត្អូញត្អែរពីតម្លៃជ្រូកធ្លាក់ចុះខ្លាំង តែចំណីជ្រូកបែរជាឡើងថ្លៃ ដូច្នេះមិនសមាមាត្រគ្នាក្នុងការចិញ្ចឹមជ្រូកនោះទេ។ បើតម្លៃជ្រូកនៅតែមិនឡើងវិញបែបនេះ នោះប្រជាកសិករប្រមាណពី ៧០% ទៅ ៨០% អាចនឹងនាំគ្នាឈប់ប្រកបរបរចិញ្ចឹមជ្រូកនេះទៀត។
លោក ភុន សុផល កសិករចិញ្ចឹមជ្រូកមួយរូបស្ថិតនៅ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងប្រាប់ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ ថាកាលពីឆ្នាំមុន តម្លៃជ្រូកសាច់គឺល្អ កសិករអាចលក់ មួយគីឡូបានពី ១១០០០៛ ដល់ ១១៥០០៛ ចំណែកឯកូនជ្រូកវិញ កសិករអាចលក់ចេញបានពី ៣០០០០០៛ ដល់ ៣៥០០០០៛ បើជាពូជល្អទៀត អាចលក់បានរហូតទៅដល់ ៤០០០០០៛។
ដោយឡែកក្នុងឆ្នាំនេះ យើងសង្កេតឃើញថាតម្លៃជ្រូកសាច់ គឺមានការធ្លាក់ចុះមែនទែន នេះមិនមែនមានន័យថាក្នុងឆ្នាំមុនមិនធា្លក់ចុះទេ តែតម្លៃនៃការធ្លាក់ចុះនៅឆ្នាំមុនគឺមានរយៈពេលខ្លី ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺមានរយៈពេលយូរ ហើយតម្លៃនៃការធ្លាក់ចុះក្នុងឆ្នាំមុន គឺចុះមកត្រឹមតែ៨០០០០៛ តែប៉ុណ្ណោះ ដោយឡែកក្នុងឆ្នាំនេះគឺធ្លាក់មកដល់៧០០០០៛ ហើយស្របពេលជាមួយគ្នានេះដែរ ចំណីជ្រូកក៏ឡើងថ្លៃទៀត ដូច្នេះតម្លៃនៃការលក់ជ្រូកចេញ វាមិនសមស្របជាមួយថ្លៃចំណី ពេលវេលា និងកម្លាំងដែលកសិករខំចិញ្ចឹមជ្រូកនោះទេ។
លោក ភុន សុផល បានបន្តទៀតថា កត្តាដែលធ្វើឱ្យតម្លៃជ្រូកធ្លាក់ថ្លៃនេះ វាអាចបណ្ដាលមកពីកត្តាមួយចំនួនដូចជា ជំងឺជ្រូកផ្ទុះឡើង។ នៅពេលដែលជ្រូកផ្ទុះជំងឺ គឺអាចធ្វើអោយប្រជាកសិករភ័យខ្លាចជំងឺ និងអាចបណ្ដាលឱ្យជ្រូកស្លាប់នៅក្នុងកសិដ្ឌាន ហេតុនេះទើបធ្វើឱ្យប្រជាកសិករសម្រុកលក់ជ្រូក ហើយក៏ធ្វើអោយជ្រូកធ្លាក់ថ្លៃ។ មួយវិញទៀតពាក់ព័ន្ធជាមួយការលក់សាច់ជ្រូកបង្កក ដែលនាំចូលមកពីក្រៅប្រទេស ទោះបីជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់វិធានការក្នុងការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់មកប្រទេសកម្ពុជាក្ដី ក៏យើងបានសង្កេតឃើញមានការដាក់លក់សាច់ជ្រូកបង្កក នៅលើបណ្ដាញសង្គមជាហូរហែរ។
កសិករមិនបញ្ចេញឈ្មោះមួយរូប ស្ថិតនៅ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្ហើបឱ្យ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ បានដឹងថាផងដែរថា ហេតុដែលនាំឱ្យជ្រូកមានតម្លៃធ្លាក់ចុះនេះ ក៏អាចបណ្ដាលមកពីការលួចនាំចូលជ្រូករស់ខុសច្បាប់តាមជាយដែនពីសំណាក់ឈ្មួញផងដែរ។ ឈ្មួញមួយចំនួនក៏បាននិយាយប្រៀបធៀបរវាងជ្រូកដែលនាំចូលពីបរទេស និងជ្រូករបស់ប្រជាកសិករកម្ពុជា ដើម្បីទម្លាក់តម្លៃរបស់ជ្រូកប្រជាកសិករកម្ពុជាថែមទៀតផង។
លោក ភុន សុផល ក៏បានលើកឡើងដែរថា កាលពីឆ្នាំមុន មុនពេលចូលឆ្នាំចិនមួយអាទិត្យទៅដប់ថ្ងៃគឺមានឈ្មួញបានមករកទិញជ្រូកយកទៅខ្វៃជាច្រើនទៅស្តុកទុក ហើយតម្លៃវិញគឺអាចបានដល់ទៅ ៣០០០០០៛ ទៅ ៤០០០០០៛ ក្នុងមួយក្បាល តែចំណែកឆ្នាំនេះវិញ គឺហាក់បីដូចស្ងាត់ឈ្មួញមករកទិញជ្រូកយកទៅខ្វៃមែនទែន បើមានក៏ទិញតែមួយឬពីរក្បាលប៉ុណ្ណោះ ហើយតម្លៃវិញគេឱ្យត្រឹមតែ ១៥០០០០៛ ទៅ ២០០០០០៛ ក្នុងមួយក្បាល។
លោក ភុន សុផល បានយល់ឃើញថា បើសិនជាតម្លៃជ្រូកនៅតែធ្លាក់ចុះ ហើយនៅតែមានការនាំចូលលក់សាច់ជ្រូកបង្កកច្រើននៅលើទីផ្សារទៀត ប្រជាកសិករពី៧០%ទៅ៨០% អាចនឹងនាំគ្នាឈប់ប្រកបរបរនេះហើយ ដូចដែលយើងឃើញស្រាប់ប្រជាកសិករមួយចំនួនចាប់ផ្ដើមបោះបង់ការប្រកបរបរចិញ្ចឹមជ្រូកនេះហើយ ពីព្រោះមានការខាតបង់ច្រើន។ លោកក៏បានសំណូមទទូចស្នើរសុំដល់រដ្ឋាភិបាល ជួយធ្វើឱ្យតម្លៃជ្រូកមានភាពល្អប្រសើរឡើងវិញ ដើម្បីឱ្យប្រជាកសិករខ្មែរមានកម្លាំងចិត្តក្នុងការប្រកបរបរនេះតទៅទៀត៕