តាមរយៈវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជាថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងបន្តថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ។
ក្រសួងលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំចេញ រួមមាន៖ វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ ដោយសារនិន្នាការល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយ និង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ ក្រសួងថា ក៏បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយសារការងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។
គួរបញ្ជាក់ដែរថា បើតាមក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការថមថយនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ គឺដោយសារបញ្ហាប្រឈមជាសកលមួយចំនួនដូចជា ផលវិបាកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយ ហើយផលប៉ះពាល់កាន់តែមានភាពធ្ងន់ធ្ងរ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ បន្ទាប់ពីបាននិងកំពុងឆ្លើយតប និងទប់ទល់ជាមួយផលវិបាកនេះអស់រយៈពេលជិត១ឆ្នាំគួបផ្សំនឹងស្លាកស្នាមដែលបន្សល់ពីវិបត្តិជំងឺកូរីដ-១៩ជាដើម៕
អត្ថបទ៖ ពិសី