យោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បើទោះបីជាមានបញ្ហាវីរុសកូរ៉ូណាក៏ដោយ វិស័យផ្ទះល្វែង ឬបុរី ជាក់ស្តែងដូចជា ប្រភេទវីឡា ភ្លោះ និងវីឡាទោល នៅតែរក្សាបាននូវកំណើន និងភាពរឹងមាំដោយពុំមានការធ្លាក់ចុះនោះទេ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា វិស័យផ្ទះល្វែង ឬបុរីនៅតែរក្សាបាននូវកំណើន និងភាពរឹងមាំ ដោយក្នុងរយៈពេល៦ខែចុងក្រោយនេះមានគម្រោងចំនួន៦បានសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងរាជធានីភ្នំពេញ។
ជាងនេះ អ្នកនាងបានបន្តថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០នេះតម្លៃរបស់ផ្ទះក្នុងបុរីពុំមានការធ្លាក់ចុះនោះទេ តែបែរជាតម្លៃនៃប្រភេទផ្ទះមួយចំនួន នៅក្នុងបុរីមានការឡើងថ្លៃទៅវិញ ជាតួយ៉ាងតម្លៃរបស់វីឡាភ្លោះបានកើនឡើងជាមធ្យម ២.៩% ចំណែកឯតម្លៃរបស់វីឡាទោលមានការកើនឡើងជាមធ្យមចំនួន ៤.៣%។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិលបានបង្ហាញថាក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគក្នុងវិស័យសំណង់រក្សាបាននូវភាពរឹងមាំដោយគម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាតជាមួយទុនវិនិយោគសរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ចំនួននេះមានការកើនឡើងរហូតទៅ ដល់ ៤៧%។ ការវិនិយោគក្នុងវិស័យសំណង់មានការធ្លាក់ចុះចាប់តាំងពីដើមខែមីនា បន្ទាប់ពីបញ្ហានៃវីរុសកូរ៉ូណាបន្ដរីករាលដាលខ្លាំង៕ អត្ថបទ៖ សិរីកា