ខេត្តបាត់ដំបង រំពឹងបន្តរក្សាតំណែងទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ថ្មីៗនេះ ខេត្តបាត់ដំបងទទួលបានជ័យលាភី ជាទីក្រុងស្អាតមានបុណ្យចូលឆ្នាំសកលល្អជាងគេ ក្នុងពិធីប្រកួតប្រជែង«ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២» ដោយឆ្លងកាត់ការចូលរួមបោះឆ្នោតគាំទ្រ រយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឃើញថា ខេត្តបាត់ដំបងទទួលបានជ័យលាភីលេខ១ ខណៈខេត្តព្រះសីហនុលេខ២ និងខេត្តសៀមរាបទទួលបានលេខ៣។
ជាមួយគ្នានេះ មន្ទីទេសចរណ៍ខេត្តបាត់ដំបង មានការជឿជាក់ថា ការរៀបចំក្នុងពិធីបុណ្យចូលឆ្នាំសកលក្នុងឆ្នាំ២០២៣នេះ ខេត្តបាត់ដំបងនៅតែអាចបន្តជាជ័យលាភីឈានមុខក្នុងការរក្សាប្រកួតប្រជែងបន្តទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហម អរុន ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ និងមន្ទីខេត្តបាត់ដំបង បានលើកឡើងថា ការរំពឹងដូច្នេះ ដោយសារឆ្លងកាត់ការរៀបចំពិធីចូលឆ្នាំសាកល២០២២ចូល២០២៣កន្លងទៅ ខេត្តបាត់ដំបងជាខេត្តដែលមានសក្តានុពល ក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញទេចរណ៍គួរជាទីចាប់អារម្មណ៍មានដូចជា ការតាំងពិព័រណ៍ផលិតផល ការប្រគំតន្រ្តីធំៗ ការបង្ហាញក្បាច់គុនរបស់ខ្មែរ រួមទាំងរបាំផ្សេងៗ អ្វីជាចំណុចពិសេសនោះ គឺការតាំងពិព័រណ៍ម្ហូបអាហារដ៏ធំក្នុងខេត្តបាត់ដំបងដែលមានតូបពិព័រណ៍សរុបរហូតដល់៩០តូប មកពីបណ្តាមន្ទី បណ្តាស្រុក ប្រជាពលរដ្ឋ និងអាជីវករជាច្រើនមកចូលរួមផងដែរ ដែលធ្វើឱ្យខេត្តបាត់ដំបងមានភាពទាក់ទាញខ្លាំង មានភាពសម្បូរបែបក្នុងពិធីបុណ្យឆ្លងឆ្នាំសាកល។

លោក បានឱ្យគូសបញ្ជាក់ថា នៅក្នុងភាពជោគជ័យនេះ ជាការបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីទេចរណ៍ មន្ទីវប្បធម៌ និងតាមបណ្តាក្រុងស្រុកទាំងមូលមានការចូលរួម ជាពិសេសភ្ញៀវទេសចរដែលបានមកកម្សាន្តផ្ទាល់ និងចូលរួមបោះត្នោតគាំទ្រដល់ខេត្តបាត់ដំបង។

បន្ថែមពីនោះ លោក បានឱ្យដឹងផងដែរថា ក្នុងការបើកទូលាយទេសចរចិនដើរកម្សាន្តក្នុងពិភពលោក ក្នុងនោះខេត្តបាត់ដំបងក៏មានការត្រៀមលក្ខណៈផងដែរក្នុងការទទួលទេចរចិន។ ដោយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ថ្មីៗនេះ ខាងក្រុមការងារមន្ទីទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរចិនមកម្សាន្តតាមគោលដៅ និងរមណីដ្ឋាននានាក្នុងខេត្តបាត់ដំបងមានច្រើនគួរសមផងដែរ។ នេះជាការបង្ហាញពីសញ្ញានៃការរីកលូតលាស់ឡើងវិញនៃវិស័យទេសចរក្នុងខេត្តបាត់ដំបង។

គួររម្លឹកថា រយៈពេល២ថ្ងៃ ឆ្លងឆ្នាំសកល ២០២២ចូល២០២៣ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ នៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ ហើយខេត្តជ័យលាភីទាំង៣ទទួលបានសរុបជាង៨៣ម៉ឺននាក់ ( ខេត្តបាត់ដំបងជាង១៥ម៉ឺននាក់ ខេត្តព្រះសីហនុជាង៣៣ម៉ឺននាក់ និងខេត្តសៀមរាបជាង៣៣ម៉ឺននាក់)ដែលត្រូវប្រគល់ពានរង្វាន់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕