រដ្ឋមន្រ្តីកសិកម្ម៖ ចំការកៅស៊ូជប់ក្នុងខេត្តត្បូងឃ្មុំ នឹងក្លាយជាសារមន្ទីសិក្សាស្រាវជ្រាវពូជកៅស៊ូ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងប្រែក្លាយចំការកៅស៊ូជប់ក្នុងខេត្តត្បូងឃ្មុំ ឱ្យទៅជាសារមន្ទីសម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ។ នេះបើតាមការលើកឡើង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានលើកឡើងថា «ខ្ញុំនឹងឱ្យជំនាញយើងរៀបចំការពារ និងព្យាបាល ដែលមួយចំនួន វាអាចមានជំងឺនោះ ព្រោះវាជាស្តុកនៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត ថ្ងៃក្រោយទៅនឹងរាប់ជាសារមន្ទីរហើយ នៅក្នុងដី១៤ហិកតា របស់ចំការកៅស៊ូជប់ ដោយនឹងរៀបចំការពារឱ្យបានល្អ ហើយទុកសម្រាប់សិក្សាស្រាវជ្រាវសម្រាប់ពូជរបស់យើង»។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងបន្តថា ចំការកៅស៊ូជប់ មានកៅស៊ូដែលនៅសល់តាំងពីជំនាន់មុនមក យោងតាមឯកសារ គឺឆ្នាំ១៩២៤ មកដល់បច្ចុប្បន្ន មានអាយុ៩៩ឆ្នាំ។ ជាមួយគ្នានោះ លោក ក៏បានណែនាំឱ្យធ្វើការអភិរក្សចំការកៅស៊ូជប់ ដែលនៅសល់ប្រមាណ៤៧៧ដើម តាំងពីឆ្នាំ១៩២៤មក ដោយឱ្យជំនាញធ្វើការរៀបចំ ថែរក្សាទុក និងដាក់ស្លាកលេខសម្គាល់លើដើមកៅស៊ូនីមួយៗ។ លើសពីនេះ ត្រូវធ្វើពូជថ្មីសម្រាប់កសិករដាំដុះ ហើយត្រូវយកចិត្តទុកដាក់លើការេពិសោធន៍ជ័ររាវ ព្រោះមានសារសំខាន់ ដែលធ្វើឱ្យយើងដឹងពីប្រសិទ្ធភាពនៃដើមកៅស៊ូ។ ទន្ទឹមនឹងនោះ លោក ក៏លើកទឹកចិត្តឱ្យមានការសរសេរអត្ថបទកៅស៊ូថ្មី ដោយមានលក្ខណៈវិទ្យសាស្រ្តផងដែរ។

សូមបញ្ជាក់ថា ចម្ការកៅស៊ូជប់ មានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនៅសល់ដើមកៅស៊ូ អាយុកាល៩៩ឆ្នាំ ប្រមាណ៤៧៧ដើម និងមានផ្ទៃដីប្រមាណ១៤ហិកតា៕