លោក ប៉ែន បូណា៖ បើគាំទ្រវិជ្ជាជីវៈសារព័ត៌មាន សូមកុំចូលមើលអ្នកគ្មានវិជ្ជាជីវៈ

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានស្នើសុំចិត្តទៅអ្នកលេងហ្វេសប៊ុក បើគាំទ្រវិជ្ជាជីវៈសារព័ត៌មាន សូមកុំចូលមើលអ្នកគ្មានវិជ្ជាជីវៈ។ ការស្នើសុំយ៉ាងទទូចដូច្នេះរបស់លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុមនាពេលថ្មីៗនេះ បានព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងករណីគ្រោះចរាចរណ៍មួយកើតឡើងនៅលើស្ពានជ្រោយចង្វារ ដែលធ្វើឱ្យមានការវែកញែកពេញបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន ប៉ូណា បានធ្លាប់បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលកន្លងទៅថា “តម្លៃអ្នកសារព័ត៌មានយើង មិនមែនស្ថិតនៅធ្វើអ្វីដែលខុសឆ្គង ច្រង៉ែងច្រង៉ាងដើម្បីឱ្យគ មកមើលយើងច្រើនទេ។ តម្លៃរបស់យើងគឺមហាជនជឿទុកចិត្ត ប្រភពព័ត៌មានជឿទុកចិត្ត ហើយយើងផ្តល់ព័ត៌មានពិត ដែល មហាជនអាចយកជាការបាន” ។

ជុំវិញរឿងរ៉ាវនេះដែលមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងមន្រ្តីរាជរដ្ឋាភិបាលមួយចំនួនបានចេញមកបង្ហាញយោបល់ ខណៈមួយចំនួនបានវាយតម្លៃដាក់បន្ទុកទៅលើអ្នកសារព័ត៌មានរហូតល្បីផ្អើលដល់នាយករដ្ឋមន្ត្រី។

រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាកូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ចេញមតិមើលបង្ហាញការគាំទ្រវប្បធម៌ជួយយកអាសាគ្នាទៅវិញទៅមក។ ហើយរឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ដែលត្រូវវាស់វែងគូសគំនូសសម្គាល់ទីតាំងយានបង្កនិងយានរងគ្រោះ ដើម្បីកំណត់ថាភាគីណាខុសភាគីណាត្រូវ។

លោកបន្តថា ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានធម្យោបាយច្រើនទៀតដែលអាចប្រមូល និងបង្ហាញភស្ដុតាងបាន ដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន, ស្លាកស្នាមនៅកន្លែងកើតហេតុ, ចម្លើយរបស់ភាគី, អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ…សុទ្ធតែអាចយកធ្វើជាមូលដ្ឋានបាន។

យ៉ាងណា សម្រាប់អ្នក Live បើតាមលោក ស សុខាគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់។ ពោលគឺ ផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។ ក្នុងនោះ ក្នុងនាមអ្នកសារព័ត៌មាន មានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឱ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួនឃើញពិត, សម្ភាសភាគីទាំងសងខាង, សម្ភាសអ្នកឃើញហេតុការណ៍, សម្ភាសសមត្ថកិច្ច, សម្ភាសបងប្រុសដែលស្ទុះទៅលើកម៉ូតូដួលនោះ…។ ម្យ៉ាងវិញទៀត បើយើងចង់ផ្ញើសារជូនមហាជនថា ការលើកយានករណីបែបនេះ បណ្ដាលឱ្យប៉ះពាល់ដល់ជំនាញ ឬបាត់ដានក្នុងការរកអ្នកខុសអ្នកត្រូវ គប្បីបង្វែរសំណួរទៅសួរសមត្ថកិច្ចជំនាញដែលមានវត្តមាននៅទីនោះឱ្យលោកពន្យល់វិញ។

ទន្ទឹមនឹងនេះ លោកសង្កត់ធ្ងន់ឱ្យលើកកម្ពស់ឬបំផុសវប្បធម៌ជួយគ្នា។ ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច៕