កម្ពុជា-ជប៉ុន ឯកភាពគ្នាជំរុញឱ្យមានការហោះហើរផ្ទាល់ឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងជប៉ុន បានធ្វើការឯកភាពគ្នា ក្នុងការលើកកម្ពស់បន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន ជាពិសេសជំរុញឱ្យមានការហោះហើរផ្ទាល់ឡើងវិញរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា(HAYASHI Yoshimasa)រដ្ឋមន្រ្តីការបរទេសជប៉ុន ខណៈរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោក ប្រាក់ សុខុន ធ្វើការវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ជប៉ុន ក្នុងការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានគ្រាប់មីននៅត្រឹកឆ្នាំ២០២៥»របស់កម្ពុជា។

ក្នុងនោះ ភាគីទាំងពីរក៏មានការសម្តែងការរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានឈានជិតដល់កម្រិតមុនវិបត្តិជំងឺកូវីដ១៩ ព្រមទាំងលំហូរយ៉ាងខ្លាំងនៃវិនិយោគពីប្រទេសជប៉ុនមកកម្ពុជា ជាពិសេសរដ្ឋមន្រ្តីទាំងពីក៏ធ្វើការឯកភាពគ្នាយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលជាការជំរុញឱ្យមានការងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរឡើងវិញ។

ជាមួយគ្នានោះ រដ្ឋមន្រ្តីទាំងពីរ ក៏មានការឯកភាពគ្នាឱ្យមានការចាប់ផ្តើមឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ដែលត្រូវបានខកខានដោយសារជំងឺរាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្ស នៅប្រទេសជប៉ុន និងបានសម្តែងការប្តេជ្ញាក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនា ស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ដូចជា សង្រ្គាមនៅអ៊ុយក្រែន និងសភាពការណ៍នៅឧបទ្វីបកូរ៉េ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី ឯកភាពគ្នាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងក្របខណ្ឌពាក់ព័ន្ធអាស៊ានផងដែរ៕