លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេសបានអះអាងប្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា និងសម្រេចចិត្តមកធ្វើការជាមួយកម្ពុជានិងស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងកិច្ចជំនួបពិភាក្សាការងាររវាង គណៈប្រតិភូវិនិយោគបារាំងជាមួយសម្តេចតេជោ ហ៊ុនសែនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ នៅថ្ងៃទី២៥ខែមករានេះ លោក អូលីវេ្យ បិចមានប្រសាសន៍ថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧% រយៈពេល ២០ឆ្នាំ ជាពិសេសកម្ពុជាបានបន្តធ្វើកំណែទម្រង់ជាច្រើន ដែលបានបង្កបរិយាកាសល្អសម្រាប់ការវិនិយោគ លើសពីនេះកម្ពុជា កំពុងមានប្រជាពលរដ្ឋដែលមានចំណូលកម្រិតមធ្យមច្រើន ផងដែរ។
លោក អូលីវេ្យ បិចបានគូសបញ្ជាក់ថា«មូលហេតុទាំងនេះហើយ ដែលនាំឱ្យអ្នកវិនិយោគបារាំង សម្រេចចិត្តមកធ្វើការជាមួយកម្ពុជា និងស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត»។
នៅក្នុងជំនួបនាឱកាសនោះ សម្តេចតេជោ ហ៊ុនសែន បានស្វាគមន៍ និងជម្រាបជូនប្រតិភូវិនិយោគរបស់បារាំងថា កម្ពុជាអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចវិនិយោគ ១០០% សម្រាប់ផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ក្រុងហូជីមិញ ហើយផ្លូវដែកពីរខ្សែទៀតគឺត្រូវពង្រីក ដោយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនតាមទម្រង់ BOT។
សម្តេចតេជោមានប្រសាសន៍ថា «កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតប្រមាណ ៦២% ហើយកំពុងទាក់ទាញកាវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាកំពុងតែលើកទឹកចិត្តឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនេះជាឱកាសមួយសម្រាប់ការវិនិយោគនៅកម្ពុជា»។
លើសពីនេះសម្តេចតេជោ ក៏បានជម្រាបប្រតិភូលើវិស័យវិនិយោគ អំពីវិស័យអាទិភាពមួយចំនួនទៀតរបស់កម្ពុជា ដែលរួមមាន ការជំរុញវិស័យឧស្សាហកម្ម ជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ។ល។ សម្រាប់កែច្នៃ មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែអាចនាំទៅកាន់ទីផ្សារប្រទេសដទៃទៀត ដែលជាដៃគូរបស់កម្ពុជា។
បើតាមក្រសួងពាណិជ្ជកម្មគូសបញ្ជាក់រថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំង នៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់ លោកប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក, លើសពីនេះ អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះគឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់សហភាពអឺរ៉ុប៕