កម្ពុជា ស្នើអង់គ្លេស វិនិយោគការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិ-ឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានធ្វើការស្នើដល់ចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិ-ឧស្សាហកម្ម។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Dominic WILLAMS ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានបង្ហាញនូវការពេញចិត្តចំពោះការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ដែលការផ្តល់នេះបានរួមចំណែកក្នុងការគាំទ្រដល់ធុរជន និងវិនិយោគិនកម្ពុជា ជំរុញការនាំចេញ បង្កើនឱកាសការងារ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសចូលរួមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានស្នើសុំភាគីចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម ផងដែរ។

លើសពីនោះ ភាគីទាំងពីរ បានធ្វើការកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ នាពេលសមស្របខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។

បន្ថែមពីនោះ ភាគីទាំងពីរ ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីររវាងប្រទេសទាំងពីសម្រេចបានប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ២៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៧៨៦ លានដុល្លារអាម៉េរិក។ ចំណែកឯ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅចក្រភពអង់គ្លេស រួមមាន សំលៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មជាដើម រីឯទំនិញនាំចូលសក្តានុពលពីចក្រភពអង់គ្លេសមកកម្ពុជាវិញ រួមមាន គ្រឿងយន្ត ឱសថ និងភេសជ្ជៈជាដើម៕