ខេត្តកំពង់ឆ្នាំងមានចក្ខុវិស័យនឹងពង្រីកវារីវប្បកម្មឱ្យកាន់តែខ្លាំងថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ចក្ខុវិស័យរបស់ខេត្តកំពង់ឆ្នាំងគឺចង់ពង្រីកវារីវប្បកម្មឱ្យកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្វីដែលជាគោលការណ៍សំខាន់របស់ខេត្តកំពង់ឆ្នាំង ក៏ដូចជាចក្ខុវិស័យជាចម្បង គឺចង់ពង្រឹងវារីវប្បកម្មកាន់តែខ្លាំង ដោយសារខេត្តកំពង់ឆ្នាំងជាខេត្តដែលនៅកណ្តាលគេ ដែលជាកម្លាំងស្នូល។ ដូច្នេះ ទស្សន ចក្ខុវិស័យរបស់ខេត្តគឺចង់ពង្រីងវារីវប្បកម្ម ដោយសារ ប្រជាជនអ្នកកំពង់ឆ្នាំងចិញ្ចឹមត្រីបានច្រើន ដែលមានប្រមាណ៨០០ ស្រះ និងបែរជាង ៧០០បែរ។ ដែលជាការចិញ្ចឹមផ្គត់ផ្គង់ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ រួមមាន ថៃ និងវៀតណាម។ លោក បន្តថា ខេត្តកំពង់ឆ្នាំងបានធ្វើការជាច្រើនឆ្នាំជាមួយភាគីមិត្តផងដែរ ដែលភាគីនោះនឹងធានាលើការបច្ចេកទេសភ្ញាស់កូនត្រី ដើម្បីលក់ឱ្យប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់ និងលក់នៅខេត្តជុំវិញបឹងទន្លេសាបបន្ថែមទៀត។

អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងបន្តថា ខេត្តកំពង់ឆ្នាំងនឹងមានក្រុមហ៊ុនផលិតចំណីនៅទីកន្លែងផ្ទាល់ ដែលមានការទិញវត្ថុធាតុដើមពីប្រជាជនក្នុងតំបន់ និងខេត្តជិតបឹងទន្លេសាប ដើម្បីកែច្នៃលក់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនទិញមកវិញ ដើម្បីកែច្នៃកសិផល សម្រាប់ការនាំចេញនៅក្រៅប្រទេសផងដែរ។

លើសពីនោះ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ថ្មីៗនេះ ផងដែរ រដ្ឋាភិបាលបានកាត់ឆ្កៀលដីប្រមាណជាង៣០០ហិកតា ឱ្យក្រសួងកសិកម្ម៦៧ ហិកតា និងរដ្ឋបាលខេត្តចំនួន២២២ហិកតា ដើម្បីទ្រទ្រង់វារីវប្បកម្ម។ លោក បានគូសបញ្ជាក់ថា «យើងនឹងយកទីតាំងនេះ ដើម្បីធ្វើជាមជ្ឈមណ្ឌលសម្រាប់វារីវប្បកម្មផង ក៏ដូចជាតំបន់ទេសចរណ៍ផង» ក្រៅពីនោះ នឹងពង្រីកធ្វើជាស្រែ ដើម្បីចិញ្ចឹមបង្កងសាកល្បង ក្រោយពេលប្រមូលផលស្រូវហើយ៕