ក្រសួងនឹងចាត់វិធានការលើម្ចាស់រថយន្តសង្គ្រោះបន្ទាន់កំពុងឈរជើងប្រចាំការតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាល ស្នើសុំឱ្យគ្រប់អភិបាលរាជធានីខេត្តទាំងអស់ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតមួយទំព័រចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករានេះ បានបញ្ជាក់ថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែងទាំងការលើកដាក់ និងការបញ្ជូនជនរងគ្រោះ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើសុំអភិបាលរាជធានីខេត្ត ធ្វើការណែនាំសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការចំពោះរថយន្តគីលានសង្រ្គោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញត្តិជាធរមាននឹងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្រ្គោះខុសច្បាស់ទាំងនោះ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យអភិបាលរាជធានីខេត្ត ធ្វើការក្រើនរំលឹកឲ្យមន្ទីរសុខាភិបាលរាជធានីខេត្តពង្រឹងបន្ថែមនូវសេវារថយន្តគិលានសង្រ្គោះបម្រើការក្នុងសេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀត៕