បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចិនចេញក្រៅប្រទេសឡើងវិញ អាកាសយាន ដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន ប្រមាណ១២០ នាក់ មកកាន់ទឹកដីកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសទទួល បដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើក ដំបូងនោះ កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេច ក្នុង ការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោកផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ១៩ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។ ដោយ លោក បានគូសបញ្ជាក់ថា បន្ទាប់ពីខេត្តព្រះសីហនុនេះហើយ យើងនឹងរៀបចំការទទួលបដិសណ្ឋារកិច្ចចំពោះទេសចរមកពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបបន្តទៀត។
គួរបញ្ជាក់ថា យន្តហោះដែលហោះមកកាន់ខេត្តព្រះសីហនុដំបូងនេះ ជាយន្តហោះរបស់ ក្រុមហ៊ុន Ruili Airline ដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេស ចិន ដោយនាំយកភ្ញៀវទេសចរប្រមាណ១០៤នាក់ និងក្រុមអ្នកបម្រើការ លើយន្តហោះ ៦នាក់ទៀត។
ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុ ដោយមានរបាំ ឆៃយ៉ាំ សម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ៕