លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា គណបក្សកាន់អំណាច មានមហិច្ឆតាធ្វើឲ្យកម្ពុជាក្លាយជាប្រទេសកសិ-ពាណិជ្ជកម្មឲ្យកាន់តែខ្លាំង។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា បញ្ជាក់ថា ទោះជាកន្លងទៅគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍទៅលើវិស័យកសិកម្ម និងវិស័យនានា ក៏ប៉ុន្តែមហិច្ឆតាដ៏ធំរបស់រាជរដ្ឋាភិបាលនៅអាណត្តិក្រោយនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រមែប្រមូលអ្នកជំនាញវិស័យកសិកម្មបណ្តុះបណ្តាលអ្នកជំនាញវិស័យកសិកម្ម ដើម្បីរួមគ្នាជំរុញវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសនាំចេញផលិតផលកសិកម្មទៅកាន់ក្រៅប្រទេស ដែលមិនត្រឹមតែផលិតសម្រាប់បរិភោគនៅក្នុងស្រុកប៉ុណ្ណោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍យ៉ាងយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់ខ្លួនក្នុងការសម្រេចគោលដៅរបស់ប្រទេស ក្នុងការក្លាយជាសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីដើមឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍវិស័យកសិកម្មទៅជាវិស័យទំនើប និងប្រកួតប្រជែង ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ដោយលើកកម្ពស់ជីវភាពរបស់កសិករ និងរួមចំណែកក្នុងការសម្រេចបាននូវថានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ បន្តថា កសិកម្មគឺជាវិស័យអាទិភាពដែលធានាដល់សន្តិសុខស្បៀង អាហាររូបត្ថម្ភ និងការនាំចេញ។ ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងបន្ថែមទៀត លោក ហ៊ុន សែន បានសង្កត់ធ្ងន់លើតម្រូវការនៃការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធធារាសាស្ត្រ ការដឹកជញ្ជូន និងភស្តុភារ ឥណទានកសិកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍគ្រាប់ពូជថ្មី ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបជាដើម៕