កម្ពុជាសម្រេចបានការនាំចេញទំនិញមានតម្លៃទឹកប្រាក់ជាង២២ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២

សង្គម​ និង​សេដ្ឋកិច្ច

ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី យើងនៅតែអាចសម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងក្នុងសនិ្នបាតបូកសរុកការងារពាណិជ្ជកម្មឆ្នំា២០២២និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានធ្វើពិពិធកម្មទីផ្សារនិងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលកាលពីថ្មីៗកន្លងទៅ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ មេដឹកនាំកំពូលអាស៊ាន អូស្ត្រាលី និងនូវែលហ្សេឡង់ បានប្រកាសអំពីការបញ្ចប់ជាដុំកំភួន នៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់  អំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបន្តថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឱ្យមាននូវឱកាសថ្មីៗ ដោយហេតុថាភាគីនៃកិច្ចព្រមព្រៀងនេះបានធានាថា កិច្ចព្រមព្រៀងនេះនៅតមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន គិតគូរពីការអនុវត្តពាណិជ្ជកម្មទំនើប ហើយនៅតែមានសារៈសំខាន់ក្នុងបរិបទពាណិជ្ជកម្មសម្រាប់ធុរកិច្ចនៅក្នុងតំបន់។

ជាមួយគ្នានេះ កាលពីខែតុលា កន្លងទៅ លោក ប៉ាន សូរស័ក្តិ ក៏បានចូលរួមពិធីប្រកាសបើកជាផ្លូវការនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ដែលលោកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងបានដឹកនាំការចរចាជុំទី១។ បន្ទាប់មកភាគីទាំងពីរ បានរៀបចំកិច្ចចរចាជុំទី២នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងការចរចាអត្ថបទកិច្ចព្រមព្រៀង និងការធ្វើសេរីភាវូបនីយកម្មទីផ្សារ ដែលអនុញ្ញាតឱ្យភាគីទាំងពីរ ឈានឆ្ពោះទៅរកការចរចាជុំទី៣ ដែលអាចជាជុំចរចាបញ្ចប់ ហើយគ្រោងរៀបចំនៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអមីរ៉ាតអារ៉ាប់រួម នាពេលខាងមុខ៕