នៅក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម រកចំណូលចូលថវិកាជាតិបានជាង ១៥លានដុល្លារ កើនជាង ៦% ខណៈកាលពីឆ្នាំ២០២១កន្លងទៅ កៀរគរចំណូលបានប្រមាណ១៣លានដុល្លារ ស្មើនឹង១២៥.៤៨% ធៀបនឹងផែនការ ថវិកាឆ្នាំ២០២១។ បើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករានេះ។
នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ កម្រាស់ ៧៣ទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចំណូល១២ខែ ឆ្នាំ២០២២ មានចំនួន ៦៣ ០៤៩ លានរៀល (ប្រហែលជាង១៥លានដុល្លារ) ស្មើនឹង១២៤.៨% នៃផែនការ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥៨ ៩០៩លានរៀល កើនឡើងចំនួន ៤ ១៤៦លានរៀល ស្មើនឹង ៦.៥៧%។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ក៏បានចំណាយថវិកាចំនួន ១០១ ៩១២លានរៀល (ប្រហែលជិត ២៥លានដុល្លារ)។
របាយការណ៍នេះ បង្ហាញថា ប្រភពចំណូលរបស់ក្រសួងពាណិជ្ជកម្ម បានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះបញ្ជីពាណិជ្ជកម្ម នៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រួមនឹងការរៀបចំការតាំងពិព័រណ៍ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។
គួររម្លឹកបន្តិចថា បើតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន ២២០.២៦ប៊ីលានរៀល ឆ្នាំ២០១៩ រកចំណូលបានជាង ១១៣ប៊ីលានរៀល ឆ្នាំ២០២០ ទទួលបានចំណូលជាង ៥២.៨៧ប៊ីលានរៀល ខណៈដែលនៅឆ្នាំ២០២១ រកចំណូលបាន ៥៨.៩០ប៊ីលានរៀល៕