ប្រតិភូធនាគារ SMBC ចង់សហការវិនិយោគលើវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាការងារជាមួយក្រសួងសាធារេណការ និងដឹកជញ្ជូនកាពីថ្ងៃទី៣០ ខែមករា ប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) លើផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ ​បានបង្ហាញបំណងចង់សហការវិនិយោគលើវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការអភិវឌ្ឍវិស័យកំពង់ផែផងដែរ ក្នុងនោះរួមមាន ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត ខណៈរាជរដ្ឋាភិបាលមានគម្រោងនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍បដិសណ្ឋារកិច្ចជាដើម។

ឱកាសនោះ លោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក បានលើកឡើងថា SMBC កំពុងសម្លឹងមើលឱកាសក្នុងការសហការជាមួយរាជរដ្ឋាភិបាល ពិសេសស្វែងរកឱកាសក្នុងការវិនិយោគក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ ដែលជាគម្រោងថ្មីៗរបស់ក្រសួងសាធារណការ។ ជាងនេះទៀត លោកថា មានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ។

គួរបញ្ជាក់ដែរថា ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក រដ្ឋមន្រ្តីក្រសួងសារធារណការ ក៏បានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ៕