បុណ្យទន្លេនៅខេត្តកំពង់ធំ ផ្ដោតសំខាន់​លើការផ្សព្វ​​ផ្សាយ​​​ពីទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន កីឡា

សង្គម​ និង​សេដ្ឋកិច្ច

ពិធីបុណ្យទន្លេលើកទី៧ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំនោះ គឺផ្តោតសំខាន់លើការអប់រំ ផ្សព្វផ្សាយ ពីវិស័យ​​ទេស​​ចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការ​​រស់​នៅ​របស់ ប្រ​​ជា​ជននៅតាមដងទន្លេ ស្ទឹង​​ក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោម​ប្រធានបទ៖ ទន្លេរបស់យើង ដើម្បី​បច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោម​កិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធី​​បុណ្យទន្លេលើកទី៧ នៅ​ខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា​​ពិធីបុណ្យ​​ទន្លេ​លើក​ទី​៧នេះ គឺមាន គោលបំណងជំរុញលើក​​តម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍​​​ខេត្តនានាតាមដង​​ទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តា​ខេត្ត​​ទាំង​​នោះ​​​ឱ្យចូលរួមយ៉ាងសកម្មក្នុង​​ការអភិវឌ្ឍទីក្រុង​​ជាប់​​ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

លោក ថោង ខុន បានរំលឹកថា នៅកម្ពុជាមានខេត្តជាច្រើនដែលមានទីក្រុងជាប់​ដងទន្លេ និងសម្បូរដោយ​សក្តានុពល​ទេសចរណ៍វប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍ធម្មជាតិ អេកូទេស​​ចរណ៍ ដែលគ្រប់គ្រង​ដោយ​ប្រជាសហគមន៍។

លោក ថោង ខុន ថ្លែងថា «យើងចង់រំលេចឱ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ ការរស់នៅរបស់ ប្រជា​ជន និងអប់រំដល់ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឱ្យ យល់ដឹងពី​​ចំណុច​ទាំង​​អស់នេះ»។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមជាមួយនឹងរបាយការណ៍ត្រៀមរៀបចំហេដ្ឋារចនា សម្ព័ន្ធនានាក្នុងក្រុង និង​តាម​ដងស្ទឹង ក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងការសម្អាត អនាម័យ បរិស្ថានតាមផ្ទះសម្បែង ភូមិដ្ឋាននានា ការតុប​តែង​​លម្អតាមគ្រប់គ្រឹះស្ថាន ស្ថានសាធារណៈ និងឯកជន សកម្មភាពកីឡាឱ្យបានច្រើន និងបានចាត់​ឱ្យមន្ទីរអប់រំខេត្ត​សហការរៀបចំក្រុមប្រកួតកីឡា ដើម្បីជំរុញសកម្មភាពឈានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៉ីហ្គេមនាពេលខាងមុខនោះ។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖ ១. សម្ដែង​ទស្សនីយភាព​សិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ ២. មហោស្រពម្ហូបអាហារខ្មែរ ព្រម​ទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិ​ត​ផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ ៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់​កីឡាករ-កីឡាការនី​ជាតិនិងអន្តរជាតិ។ល។