អំណោយជាអង្កររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចំនួន៣០០តោន ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈតំណាងអោយអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង នាព្រឹកថ្ងៃទី០១ កុម្ភៈឆ្នាំ ២០២៣។

ក្នុងពិធីប្រគល់និងទទួលអំណោយអង្ករនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ អ្នកឧកកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ដែលបាននាំយកអង្ករចំនួន ៣០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូន ដល់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានភ្នំពេញ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញផងដែរ៕
