រយៈពេល១២ខែ នៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ១៣ ៩៩៣,២០ ប៊ីលានរៀល (ប្រមាណជា ៣ ៤៥៥,១១លានដុល្លារ) ស្មើនឹង ១២២,៥៤%នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៣។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សរុបរយៈពេល១២ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ បានចំនួន ១៣ ៩៩៣,២០ ប៊ីលានរៀល (ប្រមាណជា ៣ ៤៥៥,១១លានដុល្លារ) ស្មើនឹង ១២២,៥៤%នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ដែលទិន្នន័យនេះ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចជា ឆ្នាំ២០២១ ឃើញថា មានការកើនឡើងចំនួន ២ ៧០២,៧៣ប៊ីលានរៀល(ប្រមាណ ៦៦៧,៣៤លានដុល្លារ) ស្មើនឹង២៣,៩៦%។
ដោយឡែក ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងខែធ្នូ ឆ្នាំ២០២២ ដោយជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ៩៧៥,៤៦ ប៊ីលានរៀល(ប្រមាណជា ២៤០,៨៥លានដុល្លារ) ស្មើនឹង៨,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ៧៧,៦៤ប៊ីលានរៀល(ប្រមាណ ១៩,១៧លានដុល្លារ) ស្មើនឹង ៨,៦៥%។
ក្នុងនោះ ចំណូលពីប្រភពសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល២៣,៧៣%អាករលើតម្លៃបន្ថែម ៣៤,១០% ពន្ធលើប្រាក់បៀវត្ស ២២,៤៥% អាករពិសេស ២៥,៧០% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិ កាន់កាប់អចលនទ្រព្យ ១២,៧០%។
គួររម្លឹកផងដែរថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំណូលពន្ធ-អាករសរុបចំនួនជាង២,៧ពាន់លានដុល្លារ(២៧៨១,៩២លានដុល្លារ) ស្មើនឹង១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២១៕