អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋ កុំប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯង ប្រសិនបើសង្ស័យថា មានជំងឺកូវីដ១៩ ព្រោះងាយនឹងប៉ះពាល់ដល់អាយុជីវិត។ អ្នកនាំពាក្យអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ថ្នាំអ្វី ដោយគ្មានវិជ្ជបញ្ជាត្រឹមត្រូវ ប្រសិនបើសង្ស័យថា ខ្លួនមានឆ្លងជំងឺកូវីដ១៩ ព្រោះអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីបន្តថា រហូតមកដល់ពេលនេះ គ្មានការបញ្ជាក់ណាមួយថា មានថ្នាំព្យាបាលជំងឺកូវីដ១៩នោះទេ។ លោកស្រីសង្កត់ធ្ងន់ថា ការទិញថ្នាំយកមកប្រើប្រាស់ ដោយខ្លួនឯងផ្តេសផ្តាស ងាយនឹងប៉ះពាល់ដល់សុខភាព ព្រោះឱសថផ្សំឡើងពីសារធាតុគីមី អាចព្យាបាលសុខភាពយើងផង និងធ្វើឲ្យយើងគ្រោះថ្នាក់ផង។
ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌីន ក៏បានផ្តាំផ្ញើដល់អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវប្រុងប្រយ័ត្នខ្ពស់ មិនត្រូវដើរលេងផ្តេសផ្តាសនោះទេ ព្រោះជំងឺនេះ អាចនឹងនៅសំងំពួននៅក្នុងខ្លួន ឬគ្រាន់តែសន្លប់មួយរយៈពេល ធ្វើឲ្យយើងពិនិត្យមើលមិនឃើញរោគសញ្ញា។
គិតត្រឹមព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ កម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ពោលគឺរហូតមកដល់ពេលនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន ១០៥ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ១២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៥នាក់។ បើតាមលោកស្រី ឱ វណ្ណឌីន កម្ពុជា រកមិនឃើញមានអ្នកឆ្លងថ្មី ជំងឺកូវីដ១៩នោះទេ រយៈពេល១សប្តាហ៍មកនេះ៕