ក្រោយចូលកាន់ដំណែងរដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រមាណ ២ខែ លោក ប៉ែន បូណា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចចាត់តាំងប្រគល់ភារកិច្ច ឲ្យទទួលបន្ទុកការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន។
ការដែលលោក ខៀវ កាញារីទ្ធ ប្រគល់ភារកិច្ចជូនលោក ប៉ែន បូណា នេះទំនងធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុមនាពេលថ្មីៗនេះ បានព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងករណីគ្រោះចរាចរណ៍មួយកើតឡើងនៅលើស្ពានជ្រោយចង្វារ ដែលធ្វើឱ្យមានការវែកញែកពេញបណ្តាញសង្គម និងអ្នកសារព័ត៌មានមួយចំនួនទៀតកំពុងតែប្រព្រឹត្តិខុសពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ហើយធ្វើឲ្យមហាជនរិះគន់មកលើអ្នកសារព័ត៌មានទាំងមូលនៅប្រទេសកម្ពុជា។
លើទំព័រហ្វេសប៉ុកនាព្រឹកថ្ងៃសុក្រទី៣ កុម្ភៈនេះ លោក ប៉ែន បូណា ប្រកាសថាលោកនឹងខិតខំឲ្យអស់លទ្ធភាពដើម្បីរួមចំណែកជាមួយរាមច្បងទាំងអស់នៃក្រសួងព័ត៌មានក្នុងការលើកកម្ពស់គុណតម្លៃវិជាជីវៈសារព័ត៌មាននៅកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល។
នាពេលកន្លងទៅថ្មីៗនេះ លោក ប៉ែន បូណា ក៏ធ្លាប់បានស្នើសុំចិត្តទៅអ្នកលេងហ្វេសប៊ុក បើគាំទ្រវិជ្ជាជីវៈសារព័ត៌មាន សូមកុំចូលមើលអ្នកគ្មានវិជ្ជាជីវៈ។ លោកថា «តម្លៃអ្នកសារព័ត៌មានយើង មិនមែនស្ថិតនៅធ្វើអ្វីដែលខុសឆ្គង ច្រង៉ែងច្រង៉ាងដើម្បីឱ្យគ មកមើលយើងច្រើនទេ។ តម្លៃរបស់យើងគឺមហាជនជឿទុកចិត្ត ប្រភពព័ត៌មានជឿទុកចិត្ត ហើយយើងផ្តល់ព័ត៌មានពិត ដែល មហាជនអាចយកជាការបាន» ។
គួររំលឹកថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៤ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ លោកបច្ចុប្បន្នជាបុគ្គលិកជាន់ខ្ពស់ កំពុងកាន់តួនាទីជានិពន្ធនាយកផ្នែកព័ត៌មានទូរទស្សន៍ PNN ដ៏ធំប្រចាំកម្ពុជា ដែលវិនិយោគពីអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Y.L.P Group ។
លោក បូណា ត្រូវបានចាត់ទុកជាអ្នកកាសែតចាស់វស្សាប្រកបដោយសក្តានុពល ទេពកោសល្យ ចំណេះដឹងជ្រាលជ្រៅក្នុងវិស័យព័ត៌មាន។ លោកក៏ជាអ្នកតាមដានព្រឹត្តុិការណ៍សង្គម នយោបាយទាំងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើការវិភាគអធិប្បាយប្រកបដោយតម្លាភាពកំពុងទទួលបានប្រជាប្រិយភាព។
លោកគឺជាអតីតប្រធានក្លិបអ្នកកាសែតកម្ពុជា ចំនួន ២ អាណត្តិ រយៈពេល៨ឆ្នាំ ដែលប្រមូលផ្តុំដោយអ្នកសារព័ត៌មាន ហើយធ្វើការបណ្តុះបណ្តាល ដើម្បីជាអាវុធអាវក្រោះក្នុងអាជីពអ្នកកាសែត។ មានប្រសាសន៍ក្នុងកម្មវិធីនានាពេលកន្លងទៅ លោក ប៉ែន បូណា ធ្លាប់បានឡើងរឿយៗថា «វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត»។
លោក ប៉ែន បូណា អតីតអ្នកសារព័ត៌មានកាសែតរស្មីកម្ពុជា និងអតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា អស់ជាច្រើនឆ្នាំមុនឈានជើងមកកាន់មុខដំណែងនិពន្ធនាយកព័ត៌មានទូរទស្សន៍ PNN ៕