សក្តានុពលសេដ្ឋកិច្ច ខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តកំពង់ចាមមានសក្តានុពលសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ គឺវិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈទំហំសេដ្ឋកិច្ចរបស់ខេត្តមានជាង១,៨០៥លានដុល្លារ រួមចំណែកចំនួន៦,៧%នៃសេដ្ឋកិច្ចជាតិសរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម” នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា វិស័យកសិកម្ម មានទំហំ ២ ៦៥៧ ៣៤៣ លានរៀល និងមានចំណែក ៤១,១% នៃសេដ្ឋកិច្ចខេត្ត និងកំណើនពី ៣,៦% ទៅ ៤% ក្នុងឆ្នាំ២០២១ ដែលក្នុងនោះដំណាំមានកំណើនថេរ ៤,៤% ការចិញ្ចឹមសត្វមានកំណើនពី២,៨% ទៅ៣,៥% ជលផលនេសាទ មានកំណើនពី២,៤% ទៅ៣,៥% និងរុក្ខាប្រមាញ់ មាន១,៤%ថេរ។
ចំណែកឯ វិស័យសេវាកម្ម មានទំហំ២ ៤៤០ ១៣៣លានរៀល និងមានចំណែក៣៧,៧% នៃសេដ្ឋកិច្ចខេត្ត និងមានការថយចុះ៥,៩% ដែលក្នុងនោះលក់ដុំលក់រាយមានការថយចុះ៧,៥% សណ្ឋាគារ និងភោជនីដ្ឋានថយចុះ១២,៥% រដ្ឋបាលសាធារណៈមានកំណើន១៤,៦% ហិរញ្ញ វត្ថុមានកំណើន៣% និងសេវាកម្មផ្សេងទៀតថយចុះ៨,២%។
ដោយឡែក វិស័យឧស្សាហកម្ម មានទំហំ១ ៣៧២ ៤៨៨ លានរៀល និងមានចំណែក២១,២% នៃសេដ្ឋកិច្ចខេត្ត និងមានកំណើន១១,៣% ដែលក្នុងនោះរ៉ែមានកំណើន១៨,៤% កម្មន្តសាល១២,៩% អគ្គីសនី ៣% ទឹកស្អាត១,៩% និងសំណង់១,៨%។
ជាមួយគ្នានោះ អភិបាលបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ចំណូលពលរដ្ឋម្នាក់ ក្នុងឆ្នាំ២០២១ទទួលបាន ១៥៩២ដុល្លារអាមេរិកក្នុងម្នាក់ កើនឡើង១៦ដុល្លារអាមេរិក ស្មើនឹង ០,០១%បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ហើយក្នុងឆ្នាំ២០២២កន្លងទៅរដ្ឋបាលខេត្តបានព្យាករណ៍ថា អាចឡើងដល់ ជាង១៦០០ដុល្លារអាមេរិកក្នុងម្នាក់ ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ រំពឹងថាប្រជាពលរដ្ឋម្នាក់អាចមានចំណូលជាមធ្យម ជាង១៧០០ដុល្លារអាមេរិកក្នុងម្នាក់៕