លោក ពៅ សុខ និងលោក មែ ស៊ីថុន នាំយកសៀវភៅដែលរៀបរាប់ពីសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ១៥០ក្បាល ជូនរដ្ឋបាលខេត្តកែប

សង្គម​ និង​សេដ្ឋកិច្ច

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣ បាននាំយកសៀវភៅចំនួន១៥០ក្បាល ជូនរដ្ឋបាលខេត្តកែប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សៀវភៅដែលលោក ពៅ សុខ និងលោក មែ ស៊ីថុន ប្រគល់ជូនរដ្ឋបាលខេត្តកែបរួមមាន៖ សៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន៩០ក្បាល, អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ចំនួន២០ក្បាល, ទឹកចិត្តអ្នកជួយសង្គ្រោះ ចំនួន២០ក្បាល និងសៀវភៅសម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩ ចំនួន២០ក្បាល ដែលមានវត្តមានលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរក្រោមឱវាទ។

នាឱកាសនោះ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ពៅ សុខ និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ហើយការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អខ្លាំងណាស់។

លោកថា «ចំពោះសៀវភៅដ៏មានតម្លៃទាំងអស់នេះ នឹងចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត ស្ថាប័នចំណុះខេត្ត និងបណ្ណាល័យទូទាំងខេត្ត ដើម្បីជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ ឲ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត»។

លោក ពៅ សុខ បានថ្លែងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយ បានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។ លោកបានបន្តទៀតថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» បង្ហាញពីវីរភាព និងគុណបំណាច់របស់លោក ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក។

លោកបានបញ្ជាក់ទៀតថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» នឹងផ្តល់ជូនរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ៕