ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងខែមេសានេះនៅកម្ពុជា ជាមួយឱកាសការងាររាប់ពាន់កន្លែង។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃចន្ទ ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជននេះ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរួមមាន៖ ១- ក្រុមហ៊ុនM.M.A.S (Cambodia) Co., Ltd.: គម្រោងបង្កើត រោងចក្រផលិតប្រអប់នំ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៦៧កន្លែង។ ២- ក្រុមហ៊ុនLong Purse Industrial (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិត ខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស, មានទុនវិនិយោគចំនួន៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន២៧៥កន្លែង។ ៣- ក្រុមហ៊ុនXiangsong Printing (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាកខេត្តស្វាយរៀង មានទុនវិនិយោគចំនួន១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន៣៤០កន្លែង៕