មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ស្នើសុំឱ្យវិនិយោគិនហុងគ្រី សិក្សានិងស្វែងយល់បន្ថែមពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញឱ្យនាំចូលផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជាបន្ថែមទៀត។ ការស្នើសុំនេះធ្វើឡើងដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសហុងគ្រីប្រចាំកម្ពុជា. ទើបតែងតាំងថ្មី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសភាពរីកចម្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលឆ្លុះបញ្ចាំងដោយកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី។
ជាមួយគ្នានេះ លោកស្រី តឹករ៉េត កំរង បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុង វិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ។
បន្ថែមពីនេះ ភាគីកម្ពុជា ក៏បានស្នើភាគីហុងគ្រីក្នុងការផ្តល់អាហារូបករណ៍បន្ថែម និងវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីជំនាញ ដែលគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការចូលរួមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
នៅក្នុងជំនួបនោះ ភាគីហុងគ្រី ក៏បានបង្ហាញពីការគាំទ្រនិងលើកទឹកចិត្តដល់និស្សិតនិងមន្រ្តីកម្ពុជា ក្នុងការចូលរួមដាក់ពាក្យឱ្យបានច្រើន។ ជាពិសេស ភាគីហុងគ្រី បានបង្ហាញពីសញ្ញាណវិជ្ជមានចំពោះការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងហុងគ្រី នៅឆ្នាំ២០២២ សម្រេចបានប្រមាណ៧.៤៤ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ប្រមាណ៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ (សម្រេចបានប្រមាណ៤លានដុល្លារអាមេរិក)។ បើតាមរបាយការណ៍ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើអំពីស្បែកជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ វត្ថុផ្សេងៗធ្វើពីលោហធាតុធម្មតា គីមីសរីរាង្គ ផលិតផលធ្វើពីទឹកដោះ សរសៃអំបោះសិប្បនិម្មិត ផលិតផលកែច្នៃចេញពីសាច់ សាច់ត្រី ឬគ្រាប់ធញ្ញជាតិ។ល៕