ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែ មេសានេះ បានបញ្ជាក់ដូច្នេះថា«រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩»។
បន្ថែមពីនេះ សម្តេច ក៏សូមឲ្យពលរដ្ឋយកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរនូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ ជាមួយគ្នានោះ សម្តេចបានរម្លឹកដល់ បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។
ហើយអ្វីដែលសំខាន់ សម្តេចក៏បានដាស់តឿនឲ្យជនរួមជាតិការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕អត្ថបទ៖ សិរីកា