មន្រ្តីជំនាញ បង្ហាញក្តីសង្ឃឹមថា ខេត្តបាត់ដំបងនឹងក្លាយជាគោលដៅរបស់ភ្ញៀវទេសចរចិននាថ្ងៃអនាគត

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានមានការរំពឹងថា ទេសចរចិនអាចនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់គោលដៅទេសចរណ៍ខេត្តបាត់ដំបងនាថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បានឱ្យដឹងថា ភ្ញៀវទេសចរចិន ជាប្រភេទទេសចរណ៍ ដែលតែងតែស្វែងរកទីកន្លែងជាគោលដៅ មានការអភិវឌ្ឍន៍រួចរាល់ ឬការអភិវឌ្ឍន៍ស្រាប់។ ថ្វីត្បិតតែខេត្តបាត់ដំបងជាខេត្តដែលផ្តោតលើភ្ញៀវទេសចរប៉ែកអឺរ៉ុបច្រើនពិតមែន ប៉ុន្តែក៏ជាចំណុចនៅក្នុងការទាក់ទាញភ្ញៀវទេសចរចិនផងដែរ។

មន្ទីរទេសចរណ៍រូបនេះ បានបន្តថា ការរំពឹងបែបនេះ ព្រោះដោយសារមើលឃើញថា មានកត្តាមួយចំនួនរួមមាន ទី១ ចំណុចពិសេសនោះគឺ ភ្ញៀវទេសចរចិន ដែលស្វែងរកការវិនិយោគ ងាកមកចាប់អារម្មណ៍ទស្សនាកម្សាន្ត ស្នាក់នៅ នៅក្នុងខេត្តបាត់ដំបង។ ទី២ ខេត្តបាត់ដំបងមានលក្ខណៈបែបធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ដែលមានការពាក់ព័ន្ធជាមួយប្រជាជនចិន និងការជំរុញការផ្សព្វផ្សាយបន្ថែមអំពីសក្តានុពល។ លោក ក៏បានជឿជាក់ថា ភ្ញៀវទេសចរដែលចេញមកពីភ្នំពេញ សៀមរាប នឹងមកកម្សាន្តនៅបាត់ដំបង ផងដែរ ខណៈដែលចរន្តគមនាគមន៍មានភាពល្អប្រសើរជាងមុន។

គួរឱ្យដឹងថា ទន្ទឹមនឹងបន្ទាប់ពីរដ្ឋាភិបាលចិន បានប្រកាសនឹងបើកប្រទេសសម្រាប់ការធ្វើដំណើរពីអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ៨ ខែមករា មកនោះ មន្ទីទេសចរណ៍ខេត្តបាត់ដំបង ក៏មានការត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលទេសចរចិនបន្តបន្ទាប់ទៀតផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២២ ដល់ ថ្ងៃទី២មករា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និង ក្រសួងទេសចរណ៍ បានបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រ ទីក្រុង ដែលខ្លួន ពេញចិត្តជាងគេបំផុតនៃកម្មវិធីប្រកួតប្រជែង«ទីក្រុងស្អាតដែលមាន ពិធីបុណ្យចូលឆ្នាំ សកលល្អជាងគេប្រចាំឆ្នាំ២០២២»។ ជាលទ្ធផល គឺខេត្តបាត់ដំបង បានជាប់ជ័យលាភីលេខ១ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ។ សម្រាប់ជ័យលាភីលេខ២ បានទៅលើខេត្តព្រះសីហនុ ខណៈខេត្តសៀមរាប ជាប់លេខ៣។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់ដល់ខេត្តជ័យលាភីទាំងបីនេះ នឹងប្រព្រឹត្តិឡើងក្នុង«ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត» នៅថ្ងៃទី២៣កុម្ភៈ ខាងមុខនេះ៕