មួយរយៈពេលថ្មីៗចុងក្រោយនេះ និស្សិតមកពីតាមបណ្ដាខេត្តមួយចំនួន ដែលបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ មានការត្អូញត្អែរច្រើន ចំពោះការឡើងថ្លៃនៃតម្លៃប្រេងសាំង ដែលបានបង្កផលវិបាកដល់សេដ្ឋកិច្ចក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
កាលពីថ្ងៃ១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានបង្ហាញតម្លៃជាមធ្យមប្រេងឥន្ធនៈថ្លៃលក់រាយ ពីថ្ងៃទី១ ដល់១០ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៥០០រៀល/លីត សម្រាប់សាំងធម្មតា និងតម្លៃ ៤.៦៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ យ៉ាងណាមិញ តម្លៃនេះជាតម្លៃដ៏ថ្លៃមួយ សម្រាប់សិស្ស និស្សិតក្រីក្រ ដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
យុវតីម្នាក់ឈ្មោះ ជា ស្រីនិត និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់សារព័ត៌មាន ឧកញ៉ាញូស៍ ថា កញ្ញាមកពីខេត្តបាត់ដំបង ហើយមកបន្តការសិក្សានៅភ្នំពេញ ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភ័ក្កិនៅច្បារអំពៅ។ ពីបន្ទប់របស់កញ្ញាមកសាលារៀន មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ដែលក្នុងមួយខែថ្លៃសាំង កញ្ញាត្រូវចំណាយ ២០ដុល្លារ ហើយខែខ្លះអាចលើសនេះ។ បើគិតពីថ្លៃ ចំណីអាហារ និងការស្នាក់នៅទៀត យ៉ាងតិចក៏ត្រូវចំណាយ ១៣០ដុល្លារក្នុងមួយខែ។ ចំណែកឯចំណូលការងារក្រៅម៉ោងរបស់កញ្ញាវិញ បានត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ និងបានជំនួយពីអ្នកផ្ទះ ៥០ដុល្លារក្នុងមួយខែៗ។ កញ្ញា ស្រីនិត បានបន្តថា ខែខ្លះខ្លួនត្រូវកាត់បន្ថយការញ៉ាំ ដើម្បីសល់លុយចាក់សាំងក្នុងការធ្វើដំណើរទៅសិក្សា និងទៅធ្វើការ។
រីឯយុវនិស្សិតមួយរូបទៀត សុំមិនបញ្ចេញឈ្មោះ ជាសិស្សអាហាររូបករណ៍នៅសាកលវិទ្យាល័យកម្ពុជា បានលើកឡើងផងដែរថា ក្នុងការរស់នៅប្រចាំថ្ងៃ លោកបានចំណាយទៅលើថ្លៃសាំងអស់ច្រើនជាងគេ ថ្លៃសាំងមួយខែសឹងតែស្មើនឹងថ្លៃបន្ទប់របស់ខ្លួនជួលទៅហើយ ព្រោះលោកត្រូវធ្វើដំណើរឆ្ងាយ ទាំងទៅសាលានិងកន្លែងធ្វើការ។ លោក បានបន្ថែមថា មិនមែនតែលោកទេ ដែលជួបផលលំបាករឿងសាំងឡើងថ្លៃនេះ ក្នុងនោះក៏មានមិត្តភ័ក្ក និងសិស្សនិស្សិតជាច្រើនទៀត បានត្អូញត្អែរពីបញ្ហានេះដូចគ្នា។
សូមជម្រាបជូនថា កន្លងមករាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ហើយថា កត្តាសាំងឡើងថ្លៃ ជាការឡើងថ្លៃជាអន្តរជាតិ និងជាសកល ហើយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមជួយសម្រួលតម្លៃបន្ថែម ដើម្បីជួយកាត់បន្ថយភាពលំបាករបស់ប្រជាជនផងដែរ។ ដោយឡែក សម្រាប់និស្សិតក្រីក្រ ដែលមកពីបណ្តាខេត្តនានា តែងទទួលបានការលើកទឹកចិត្តជាហូរហែពីរដ្ឋ។ ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្រោងបង្កើតកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់និស្សិតក្រីក្រ នៅតាមគ្រឹះស្ថានអប់រំរបស់រដ្ឋ នាចុងឆ្នាំនេះ ដើម្បីលើកកម្ពស់ធនធានមនុស្ស ហើយកម្មវិធីនេះ គឺរដ្ឋជាអ្នកទទួលរ៉ាប់រងសម្រាប់សិស្សក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា តាមសកលវិទ្យាល័យ ដើម្បីឱ្យពួកគេទទួលបានការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវផងដែរ៕