រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់មួយរូប លោក ប៉ែន បូណា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហោះសារនៅលើហ្វេកបុកភ្ជាប់ជាមួយរូបភាពខ្លឹមសារព័ត៌មានរបស់សារព័ត៌មានក្រៅស្រុកThe Cambodia Daily ដែលយកត្រឹមតែការសង្ស័យធ្វើការចោទប្រកាន់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាកំពុងធ្វើសកម្មភាពអាជីវកម្មភ្ជាប់ការលាងលុយ។
លោក ប៉ែន បូណា បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុត ជាមុនសិន។
លោក ប៉ែន បូណា បានលើកជាឧទាហរណ៍ថា “កាលពីជំនាន់ប៉ុលពតខ្មែរច្រើនណាស់ដែលត្រូវគេយកទៅសម្លាប់ដោយគ្រាន់តែសង្ស័យហើយចោទថាជាខ្មាំងរបស់អង្គការ។”
ជាមួយគ្នានេះ លោក ប៉ែន បូណា ក៏អំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួននោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ។
គួរបញ្ជាក់ថា ក្រោយចូលកាន់ដំណែងរដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រមាណ២ខែ លោក ប៉ែន បូណា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចចាត់តាំងប្រគល់ភារកិច្ច ឲ្យទទួលបន្ទុកការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារ សមាគមសារព័ត៌មាន ។