លោក Atsushi ឯកអគ្គរាជទូតជប៉ុនដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រីកនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីក ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ ការប្តេជ្ញាចិត្តរបស់លោក Atsushi បានធ្វើឡើង នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រៅពីប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកអគ្គរាជទូតជប៉ុនដែលទើបតែងតាំងថ្មីរូបនេះ ក៏បេ្តជ្ញាតាមរយៈជំរុញអ្នកវិនិយោគឲ្យមកកាន់កម្ពុជា ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន និងការងារដទៃទៀត ជាដើម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះលោក Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Atsushi នូវការចូលរួមរំលែកមរណៈទុក្ខ។
សម្ដេចតេជោ បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់លោក Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយការប្ដេជ្ញាចិត្ត ជួយដល់កម្ពុជា ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។
ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេច បានសុំឱ្យលោកឯកអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕