សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានចុះហត្ថលេខាបង្កើតកម្មវិធី ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ លើកទី៣ និងកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមមដល់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ ដែលប្រព្រឹត្តទៅនៅសហគ្រិនខ្មែរ ក្រោមអធិបតីភាពរបស់ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ(KE) និង លោក តាន់កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។
លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរំពឹងថា កម្មវិធី ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ លើកទី៣ និងកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដល់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ នឹងមានការដាក់ពាក្យចូលប្រកួតប្រជែងកើនឡើងជាងឆ្នាំមុន និងមានភាពល្អប្រសើរកាន់តែខ្លាំង។
លោក បានលើកឡើងថា កម្មវិធីនេះចាប់ផ្តើធ្វើតាំងពីឆ្នាំ២០២០មក ដោយមានការផ្លាស់ប្តូរជានិច្ច ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ នឹងមានការខុសប្លែកពីឆ្នាំ២០២២ បន្ថែមទៀត ដោយប្តូរនូវលក្ខណៈយុទ្ធសាស្រ្តនៅក្នុងការប្រកួតប្រជែងមួយចំនួន។
ជាមួយគ្នានេះ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ(KE) បានឱ្យដឹងថា កម្មវិធីនេះជាការបំផុសឱ្យមានអាជីវករដែលធ្វើអាជីវកម្មដឹងពីសមត្ថភាពរបស់ខ្លួន អាចរៀនសូត្របានតាមរយៈការប្រកួតជាមួយដៃគូផង និងគណៈកម្មាផងជាពិសេសមានសេវាផ្សេងៗដល់សហគ្រិនក្នុងកម្មវិធីទាំងអ្នកបានជាប់ និងអ្នកចូលរួម។
លោក បានបញ្ជាក់ថា «កម្មវិធីនេះ ជាកម្មវិធីមួយប្រម៉ូតឱ្យមានការចូលរួមក្នុងវិស័យសហគ្រិនភាព បន្ទាប់មកយើងសង្ឍឹមថា អាជីវកម្មរបស់គាត់អាចលូតលាស់ទៅថ្ងៃក្រោយ។កម្មវិធីនេះ ត្រូវការជារៀងរាល់ឆ្នាំដើម្បីបង្កើតឱ្យមានការចូលរួមនិងចំណាប់អារម្មណ៍ថ្មីៗពីសហគ្រាសធុនតូច និងមធ្យមឱ្យបានច្រើន និងអ្នកទើបចាប់ផ្តើមផងដែរ»។
តាមរបាយការណ៍នៃកម្មវិធីពានរង្វានសហគ្រិនថា្នក់ជាតិរយៈពេល ៣ឆ្នាំកន្លងមក មានសហគ្រិនប្រមាណ ជាង ៦៥២ សហគ្រាស បានដាក់ពាក្យចូលរួមយ៉ាងសកម្ម និងគាំទ្រលើគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងគាំទ្រថវិកាដោយសហគ្រិនខ្មែរ។
លើសពីនេះ ដោយមានការគាំទ្រពីសហគ្រិនខ្មែរបានបណ្តុះបណ្តាលសហគ្រិន ចំនួន ១០១នាក់ និងបានផ្តល់គ្រូបង្វឹកដល់ម្ចាស់សហគ្រាសចំនួន ៣០ សហគ្រាស ដើម្បីបន្តគាំទ្រនិងអភិវឌ្ឍម្ចាស់សហគ្រាស រយៈពេល ៥ខែ បន្ថែមទៀត នេះបើយោងតាមរបាយការណ៍នៃកម្មវិធីបណ្តុះបណ្តាលការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ វិទ្យាស្ថានជាតិ សហគ្រិនភាពនិងនវានុវត្តន៍។
សូមជម្រាបថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង ធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាព តាមរយៈការគាំទ្រទាំង ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យ អាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជាតិ៕