សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងឪកាសទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក លី ជានស៊ូ ប្រធានសភាដំណាងប្រជាជនចិន ហើយក៏មានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងក្តីកង្វល់រួមក្នុងតំបន់ និងអន្តរជាតិ។
ក្រៅពីជំនួបទ្វេភាគីនោះ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យកាន់ស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

សូមជម្រាបជូនថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ខណៈដែលមន្រ្តីជាន់ខ្ពស់ចិនបានលើកឡើងថា ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ គឺជាមិត្តដែកថែបដែលគាំទ្រគ្នាយ៉ាងមុតមាំទៅវិញទៅមក ក៏ជាសហគមន៍វាសនារួម ដែលជួយគ្នាទៅវិញទៅមករួមសុខទុក្ខជាមួយគ្នា។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់នៃប្រទេសទាំងពីរ និង ការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម បានក្លាយជាគំរូសម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និង ជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។