បញ្ហាវីរុសកូវីដ ១៩ បានបង្កឲ្យវិស័យលក់រាយនៅកម្ពុជា រងផលប៉ះពាល់ខ្លាំងជាងគេពីការរាតត្បាតនៃវីរុសនេះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី អាន សុធីតា បានឲ្យដឹងថា ការរីករាលដាលនៃវីរុសកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើន បូករួមទាំងកម្ពុជាផងដែរ។ អ្នកស្រីបន្តថា ដើម្បីធ្វើការទប់ស្កាត់នៃការរីករាលដាល និងការឆ្លងនៃវីរុសកូវីដ ១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការមួយចំនួនរួមបញ្ចូលទាំងការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងការលើកទឹកចិត្តឲ្យប្រជាជននៅផ្ទះដែលកត្តានេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យលក់រាយពីព្រោះមនុស្សភាគច្រើនបានសម្ងំនៅផ្ទះ។
បន្ថែមពីនេះ នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaរូបនេះ បានសង្កត់ធ្ងន់ទៀតថា តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសម្ពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា បើយោងទៅតាមរបាយការណ៍ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០។
អ្នកស្រីអះអាងថា បើតាមរយៈរបាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បង្ហាញថាការធ្លាក់ចុះនៃចំនួនមនុស្សចេញទៅខាងក្រៅ ឧទាហរណ៍ ដូចជា ផ្សារ និងហាងទំនិញផ្សេងៗបានធ្វើឲ្យតម្លៃនៃការជួលតូប ឬទីតាំងលក់មានការធ្លាក់ចុះរហូតទៅដល់ ១០.៥ % ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
គួរជម្រាបថា បើយោងតាមរបាយការណ៍របស់ CBRE Cambodia ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិលបានបង្ហាញថា ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគក្នុងវិស័យសំណង់រក្សាបាននូវភាពរឹងមាំដោយគម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាតជាមួយទុនវិនិយោគសរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ចំនួននេះមានការកើនឡើងរហូតទៅ ដល់ ៤៧%។ ប៉ុន្តែយ៉ាងណា ចាប់តាំងពីដើមខែមីនាមក ការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានការធ្លាក់ចុះ បន្ទាប់ពីបញ្ហានៃវីរុសកូវីដ ១៩ បន្ដរីករាលដាលខ្លាំងទាំងនៅកម្ពុជា និងពិភពលោក៕ អត្ថបទ៖ សិរីកា