សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅម៉ោងប្រមាណ ១២៖២០នាទី នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ដោយភាគីចិន ក្រាលព្រំក្រហមទទួលស្វាគមន៍ជាមួយនឹងបាច់ផ្កាក្រហមដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ស្ថិតនៅអាកាសយានដ្ឋានក្នុងក្រុងប៉េកាំង។
ដំណើរទស្សនកិច្ចផ្លូវការជាលើកទីពីររបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ក្រោយការកើតឡើងនៃជំងឺរាតត្បាតកូវីដ១៩ ទៅរដ្ឋធានីប៉េងកាំងនៅពេលនេះ គឺតបតាមអញ្ជើញរបស់រដ្ឋាភិបាលចិន។ ក្នុងនោះសម្តេចនាយករដ្ឋមន្រ្តីក៏មានមន្រ្តីជាន់ខ្ពស់អមដំណើរផងដែរ ដូចជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម រួមនឹងកូនប្រុស២នាក់របស់សម្តេចតេជោ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ជាដើម។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ ជាមួយគ្នានោះ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។
ក្រោយជំនួបនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕