អ្នកម៉ៅការសំណង់ក្នុងខេត្តព្រៃវែងម្នាក់ងាកមករកប្រាក់ចំណូលពីចិញ្ចឹមបង្កង

សង្គម​ និង​សេដ្ឋកិច្ច

លោក ភោគ សុខហឿន រស់នៅឃុំ ព្រែកឃ្នេស ស្រុកមេសាងខេត្តព្រៃវែង និងជាអ្នកម៉ៅការសំណង់ម្នាក់នៅក្នុងតំបន់ បានងាកមកចាប់យកមុខរបរចិញ្ចឹមបង្កងបន្ថែម ដើម្បីបានប្រាក់ចំណូលយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រោយពីការងារនិងប្រភពចំណូលរងផលប៉ះពាល់ពីវិបត្តិជំង៊ឺកូវីដ១៩កាលពីឆ្នំា២០២០-២០២១។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ភោគ សុខហឿន លើកឡើងថាមូលហេតុដែលជំរុញឧ្យខ្ញុំចាប់យកមុខរបរចិញ្ចឹមបង្កងជិតមួយឆ្នំាមកនេះដោយសារតែនៅឆ្នំា២០២០និង២០២១យើងជួបនិងវិបត្តិជំងឺកូវីដ១៩ វាធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបការងារសំណង់និងម៉ៅការសំណង់ក៏ដូចជាមានភាពរអាក់រអួលទៅនិងការងារហើយរកចំណូលមិនសូវបានខ្ញុំគិតថាត្រូវរកប្រភពចំណូលមួយផ្សេងទៀតបន្ទាប់ពីការងារធ្វើសំណង់។អីចឹងខ្ញុំក៏សម្រេចចិត្តថាត្រូវរកមុខរបរណាមួយដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ 

លោកបន្តថា បន្ទាប់មកខ្ញុំក៏អង្គុយវីដេអូតាមយូរធូបតាមទូរស័ព្ទដៃរាល់ថ្ងៃ លុះដល់ថ្ងៃមួយ ខ្ញុំបើកចុះបើកឡើងក៏បានឃើញមុខរបរក្នុងវិស័យវារីវប្បកម្មទាក់ទងនិងការចិញ្ចឹមបង្កងក៏ចាប់អារម្មណ៍ហើយនឹងឃើញថាដើម្បីប្រកបមុខចិញ្ចឹមបង្កងនេះបានទាល់តែយើងមានទីតំាងអំណោយផល។អីចឹងខ្ញុំមានទីតំាងមួយកន្លែងដែរនៅខាងស្រុកមេសាងខេត្តព្រៃវែងសមស្របនិងមានប្រភពទឹកអាចចាប់ផ្តើមមុខរបរចិញ្ចឹមបង្កងបាន។ 

លោកសង្កត់ធ្ងន់ថា «មុខរបរចិញ្ចឹមបង្កងនេះវាមានអត្ថប្រយោជន៍ច្រើន បង្កងមានទីផ្សារខ្ពស់ហើយមិនសូវមានប្រជាពលរដ្ឋចិញ្ចឹមច្រើននោះទេ ។ដូចនេះវាជាមូលហេតុមួយដែលខ្ញុំគិតថាខ្ញុំអាចប្រយោជន៍ពីការចិញ្ចឹមបង្កងនេះ ទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ»។ 

លោកលើកឡើងថា ការចិញ្ចឹមបង្កងនេះយើងចាប់ផ្តើមរៀបចំកន្លែងចិញ្ចឹមបង្កងនៅដើមឆ្នំា២០២២ ហើយមកដល់ខែឧសភាយើងក៏បានដាក់កូនបង្កង ហើយរហូតមកដល់ពេលនេះការចិញ្ចឹមបង្កតវគ្គដំបូងរបស់ខ្ញុំបានរយៈពេលជាង៨ខែ ហើយយើងរំពឹងថាលទ្ធផលដែលយើងទទួលបានវានឹងល្អ ដោយសារយើងបានចាប់ផ្តើមលក់ជាបន្តើរៗហើយដោយក្នុងមួយគីឡូក្រាមថ្លៃចន្លោះពី១២ដុល្លារទៅ១៨ដុល្លារ។ 

លោកបន្តថា ផ្អែកលើទីតាំងអំណោយផលយើងចាប់ផ្តើមចិញ្ចឹមបង្កងវគ្គដំបូងចំនួន១០ម៉ឺនកូនលើទំហំផ្ទៃដីជាងមួយហិកតា ហើយលទ្ធផលដំបូងដែលយើងត្រៀមទទួលបាននេះយើងមិនទាន់រំពឹងថាវាបាន១០០%នោះទេ បានត្រឹមតែ៤០ឬ៦០%គឺយើងអាចទទួលយកបាន ដោយសារយើនៅខ្វះខាតបច្ចេកទេសចិញ្ចឹមច្រើន។ មុខរបរចិញ្ចឹមបង្កងនេះយើងមានគោលដៅច្បាស់លាស់បើទោះបីមិនទទួលបានលទ្ធផលខ្ពស់ក៏ដោយតែយើងនៅអាចរកប្រាក់ចំណូលបានមួយចំនួន តាមរយៈ បង្កងមានតម្លៃខ្ពស់គួរសមនៅលើទីផ្សារ។ 

លោកថា ទោបីការចិញ្ចឹមបង្កងទទួលបានជោគជ័យខ្ញុំអត់ចោលការងារជាអ្នកម៉ៅការសំណង់ដែរ ព្រោះវាជាអាជីពរបស់ខ្ញំ ហើយការងារចិញ្ចឹមបង្កងនៅវគ្គដំបូងនេះបើទទួលបានប្រាក់ចំណូលបានត្រឹមទប់ទល់ ឬសល់បានតិចតួច ក៏ខ្ញុំទទួលយកបានដែរ ហើយបន្តការចិញ្ចឹមបន្ថែមទៀត ។ បើតាមលោក សុខហឿន ថា ការចាប់ផ្តើមចិញ្ចឹមបង្កងនៅវគ្គដំបូងនេះលោកត្រូវការចំណាយដើមទុនទៅលើ ការរៀបចំស្រះដាក់បង្កង ទិញកូនបង្កង ទិញចំណី អស់ប្រាក់ជាង៣ម៉ឹនដុល្លារ៕  អត្ថបទ៖ សារេត