នៅក្នុងជំនួបជាមួយប្រធានាធិបតីនៃប្រទេសចិន លោក ស៊ី ជិនពីន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះសម្តេចតេជោ ហ៊ុនសែន បាយករដ្ឋមន្រ្តី បានលើកពីបំណងក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង ៣ ដែលមានស្រាប់ នោះគឺជាប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ ដែលគ្របលើខេត្តនៅនីរតីទិសនៅកម្ពុជា។ នេះបើយោងតាមលោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក ខៀវ កាញារិទ្ធ បានឲ្យដឹងថា លោកប្រធានាធិបតី ស៊ី ជិនពិញ បានស្វាគមន៍សម្តេច ហ៊ុនសែន ដែលជា«មិត្តចាស់» និង ជាភ្ញៀវបរទេសទី ១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា ចិន ។
នៅក្នុងជំនួបកាលពីព្រឹកមិញនោះដែរ ប្រធានាធិបតីចិន ក៏បាសម្តែងនូវការអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា។ ជាមួយគ្នានោះក៏បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងជំនួបនៅព្រឹកនេះដែលបានចំណាយពេលប្រមាណ ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕


