ក្នុងជំនួបដែលបានចំណាយពេលប្រមាណ១០០នាទី នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង កាលពីព្រឹកថ្ងៃទី១០ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតីចិន បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។
ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង លោក ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។ ជាមួយគ្នានេះ សម្តេចតេជោបានអបអរសាទរ ចំពោះការអញ្ជើញនេះ។
ក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។
ជាមួយគ្នានោះ មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១)នយោបាយ និងការទូត ២)វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣)កសិកម្ម ៤)ថាមពល ៥)សន្តិសុខ ៦)ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
នៅក្នុងជំនួបគ្នានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ដែលបានជំរុញការបើក ទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។ សម្រាប់លោក ស៊ី ជិនពីង មានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបេឹងទន្លេសាប។
ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់លោកប្រធានាធិបតីចិន សម្តេចតេជោបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់លោក ស៊ី ជិនពីង ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្គរ នៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើយកម្ពុជានិងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។
នៅក្នុងជំនួបគ្នានោះដែរលោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពលអគ្គសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។ ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើដល់លោកប្រធានាធិបតី ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពីលោកប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។
សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា «សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១»។
លើសពីនេះទៅទៀត ប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?។ ទន្ទឹមនឹងនោះ លោក ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕