រាជធានីភ្នំពេញ ចាប់ផ្តើមមានការចរាចរណ៍ល្អប្រសើរឡើងវិញបន្តិចម្តងៗ ក្រោយពីមានការរិតបន្តឹងអស់មួយរយៈពេល ដើម្បីការពារការីករាលដាលនៃជំងឺកូវីដ១៩។ រដ្ឋាភិបាល បានបញ្ចប់បម្រាមហាមជួបជុំ ហាមការចាកចេញពីរាជធានីទៅខេត្ត ពីខេត្តទៅរាជធានី និងពីខេត្តមួយទៅខេត្តមួយទៀត បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី ១៦ ខែមេសា ដូច្នេះប្រជាពលរដ្ឋ អាចធ្វើដំណើរ បានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះ ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ បន្តការងារ និងរកស៊ី ជាធម្មតា និងមានការការពារខ្លួន បានយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការអនាម័យ ពាក់ម៉ាស់ លាងដៃ និងអាល់កុល ឬជែលជាប្រចាំ ដើម្បីការពារជំងឺឆ្លងកូវីដ១៩។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល តែងតែផ្តល់ការណែនាំម្តងហើយម្តងទៀត ដល់សាធារណជន ពាក់ព័ន្ធនឹងការការពារខ្លួនពីជំងឺកូវីដ១៩នេះ។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ស្នើឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងនៃជំងឺកូវីដ១៩ ជាពិសេសនៅក្នុងរដូវវស្សាខាងមុខនេះ។
ចំណែកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឯកឧត្តមគូសបញ្ជាក់ថា ជំងឺនេះ កាចសាហាវ មិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងសម្រាប់ការពារ ដូច្នេះមានតែការការពារខ្លួនរបស់យើងទេ ដើម្បីចៀសវាងការឆ្លងរាតត្បាតខ្លាំងនៅក្នុងប្រទេស ដោយត្រូវត្រៀតមលក្ខណៈឲ្យបានល្អ កុំមានការធ្វេសប្រហែសឲ្យសោះ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ និងទទួលអំណោយជាសម្ភារៈបរិក្ខាររបស់ទីក្រុងសៀងហៃ ប្រទេសចិន ជូនរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ អង្គារកន្លងទៅ ដែលរួមមាន ម៉ាស់N95 ចំនួន៣.០០០ម៉ាស់ ម៉ាស់វេជ្ជសាស្ត្រចំនួន២០.០០០ម៉ាស់ និងសម្លៀកបំពាក់ការពារមេរោគ ចំនួន៥០០ឈុត៕