សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ការអញ្ជើញមកដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឃើញមានវត្តមានមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញទទួលដំណើរនិវត្តន៍របស់សម្ដេចតេជោ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ បានផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕



