អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យកម្ពុជា ហើយវិស័យនេះនឹងនៅតែបន្តភាពរីកចម្រើនទៅមុខ។ ទន្ទឹមគ្នានេះ យោងតាមអ្នកជំនាញផ្នែកវិនិយោគកម្ពុជាមានសក្ដានុពល៥ចំណុចសំខាន់ៗដែលអាចទាក់ទាញវិនិ យោគគិនបរទេសឲ្យមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។ សក្ដានុពលទាំងនោះរួមមាន៖
១. គោលនយោបាយរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យមានការគ្រប់គ្រងក្រុមហ៊ុន១០០% តែម្តង ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។
២. ស្ថេរភាពនយោបាយ៖ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានស្ថេរភាពជាងគេ។
៣. ចំនួនប្រជាជន៖ កម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួមចំណែកក្នុងការធ្វើឲ្យវិនិយោគិនពិចារណាពីកម្ពុជា។
៤. តម្លៃអចលនទ្រព្យ៖ចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើនឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិតខាងតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ នៅកម្ពុជា គម្រោងខុនដូមួយចំនួនមានតម្លៃក្រោម ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។
៥. អតិផរណា៖ បើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាងប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះសម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាសល្អសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។
ពាក់ព័ន្ធ នឹងការលើកឡើងខាងលើ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បង្ហាញការមើលឃើញដែរថា ស្ថានភាពវិស័យអចលនទ្រព្យនៅតែមានភាពវិជ្ជមាន និងមានស្ថេរភាពបើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅតំបន់អាស៊ាន។ លោកថា ភាពវិជ្ជមាននេះគឺដោយសារតែកម្ពុជាមាន គោល នយោបាយច្បាស់លាស់ និងកត្តាសន្តិ ភាព ដែលអាចឱ្យកម្ពុជាងាយនឹងទាក់ទាញ វិនិ យោគិន៕ អត្ថបទ៖ សិរីកា