ការនាំចេញរបស់កម្ពុជា ទៅកាន់ EU កើនដល់ ៤ពាន់លានដុល្លារ កាលពីឆ្នាំមុន

សង្គម​ និង​សេដ្ឋកិច្ច

បើតាមរបាយការណ៍ទទួលបានពីក្រសួងពាណិជ្ជកម្ម បានបង្ហាញឱ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) កាលពីឆ្នាំ ២០២២ កន្លងទៅ ឈានដល់ទំហំទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារ ពោលគឺបានកើនឡើង ២៥% បើធៀបទៅនឹងតួលេខ កាលពីឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហភាពអឺរ៉ុប បានឈានដល់ ៤,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺបានកើនឡើង ១៥,៩% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១ ។

យ៉ាងណាមិញ កម្ពុជាបានចំណាយលទឹកប្រាក់ចំនួន ៨១២លានដុល្លារ សម្រាប់ការនាំចូលទំនិញពីទីផ្សារ EU ដែលជាហេតុធ្វើឱ្យមានអិតរេកពាណិជ្ជកម្មក្នុងចំនួន ៣,២៣ ពាន់លានដុល្លារ ។

គួរឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៅសហភាពអឺរ៉ុប សម្រាប់កម្ពុជា កាលពីឆ្នាំមុន ជាមួយនឹងទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ បានកើនឡើងលើសពី ១,២ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ១៩,២% ។

ទន្ទឹមនឹងនេះ តាមពីក្រោយដោយប្រទេសប៊ែលហ្ស៊ិក ដែលមានទំហំពាណិជ្ជកម្មសរុប (៧៣១ លានដុល្លារ) ​, ហូឡង់ (៥៩៦លានដុល្លារ ) ,​ បារាំង (៥៤២លានដុល្លារ) , អេស្ប៉ាញ (៥០៣ លានដុល្លារ)។ នេះបើតាមការទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ជាងនេះទៅទៀត អាឡឺម៉ង់ក៏ជាប្រទេសនៅសហភាពអឺរ៉ុប ដែលទិញចូលទំនិញធំបំផុតពីកម្ពុជាផងដែរ ជាមួយនឹងទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣% ធៀបទៅនឹងឆ្នាំ ២០២១ បន្ទាប់មកគឺប៊ែលហ្ស៊ិក (៦៤២ លានដុល្លារ) , ហូឡង់ (៥៥២ លានដុល្លារ) , អេស្ប៉ាញ (៤៧៤,៤ លានដុល្លារ ) និងប្រទេសបារាំង (៤២៣ លានដុល្លារ)។

លើសពីនេះ ​បើតាមលោកបណ្ឌិត ហុង វណ្ណៈ នាយកសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញឱ្យដឹងថា ការនាំចេញទំនិញសំខាន់ៗដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងរបស់របរផ្សេងៗទៀតទៅកាន់តំបន់នេះ នៅតែមានកំណើនវិជ្ជមាន ទោះបីជាសហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃការអនុគ្រោះពន្ធដល់កម្ពុជាក៏ដោយ ៕