សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញមកបញ្ជាក់អំពីរឿងព័ត៌មានដែលថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួស សម្តេចតេជោក្នុងការផ្តល់ជំនួយ ១០ម៉ឺនដុល្លារជួយដល់ប្រទេសតួគី ពីសារព័ត៌មានក្នុងស្រុកមួយ នាពេលថ្មីៗនេះ។

ថ្លែងបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅល្ងាចថ្ងៃសៅរ៍ទី១១ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិការជាតិ។ សម្តេចតេជោបន្តថា សូមចែករំលែកនូវរបៀបគ្រប់គ្រងថវិការនិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយដល់ប្រទេសទួរគី។
សម្តេចតេជោថ្លែងថា ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិការជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិការផ្តល់ជូន។ សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ព្រឹកថ្ងៃ៨កុម្ភះម៉ោង ៦៖៥៧នាទី។ បញ្ញាខ្ញុំឲ្យប្រកាស ១០មុឺនដុល្លារម៉ោង ៧៖១២នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ពន្ធមុនីរត្ឋ័ ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង ៧៖១៩. នៅព្រឹកថ្ងៃ៨ កុម្ភៈ ២០២៣ដូចគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា តើការចោទលើលោក ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ទន្ទឹមនឹងនេះ សម្តេចទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោងដោយសូមទោសរាជរដ្ឋាភិបាលផងនិងសូមទោស លោក ហ៊ុន ម៉ាណែត ផង។

បើតាមសម្តេចតេជោ ក្រសួងព័ត៌មានត្រូវធ្វើការជាមួយ វិទ្យុ VOD ព្រមជាមួយគ្នាលោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។
ទោះជាបែបនេះក្តី សម្តេចតេជោបញ្ជាក់បន្ថែមថា យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។ មិត្តភក្រ័បរទេសឬសង្គមសុីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។
ជាចុងក្រោយនេះសម្តេចតេជោ ក៏បានសូមរំលឹកនូវពាក្យដាស់តឿនសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ១៤មករា២០២៣កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕