លោក ហេង សុខ គង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងថា ក្នុងរយៈពេលត្រីមាសទីមួយឆ្នាំ២០២០នេះ មានការស្នើសុំបង្កើតរោងចក្រថ្មីចំនួន៧៧រោងចក្រ នៅកម្ពុជា ដែលនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ហេង សុខគង់ បានគូសបញ្ជាក់នៅក្នុងសន្និសីទ កាលពីពេលថ្មីៗនេះថា នេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជាក្នុងកាលៈទេសៈនៃវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលមានការស្នើសុំបង្កើតរោងចក្រថ្មីចំនួន៧៧។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនបានបិទរោងចក្រដោយសារតែបញ្ហាខ្វះវត្ថុធាតុដើម ដើម្បីផលិតដែលធ្វើឱ្យប្រទេសទាំងនោះបង្ខំចិត្តបិទតែម្តង។ ដោយឡែកសម្រាប់កម្ពុជាក្រោមកិច្ចសហការយ៉ាងខ្លាំងក្លាពីសំណាក់មិត្តចិន កម្ពុជាបានទទួលនូវវត្ថុធាតុដើមដើម្បីបម្រើដល់សង្វាក់ផលិតកម្មនៅកម្ពុជា ជៀសវាងការខ្វះវត្ថុធាតុដើមសម្រាប់ផលិត។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា នៅពេលដែលកម្ពុជាខ្វះខាតវត្ថុធាតុដើមដើម្បីផលិត ក្នុងកាលៈទេសៈនៃការកើតឡើងនូវជំងឺកូវីដ-១៩ ជាលក្ខណៈជាសកលនេះ ចិនបានផ្តល់មកកម្ពុជានូវវត្ថុធាតុដើម ដល់កម្ពុជាសម្រាប់បំពេញសង្វាក់ផលិតកម្មនៅកម្ពុជាមុនគេបំផុតលើពិភពលោកបើទោះបីជាវាមិនទាន់គ្រប់គ្រាន់ក៏ដោយ៕