សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
បើតាមក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ អមដំណើរដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបសម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោក សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជាទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។
ក្រសួងការបរទេស បញ្ជាក់ថា អំឡុងស្នាក់នៅប្រទេសឡាវ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕