ជាង៤ម៉ឺនសហគ្រាស បានរួមចំណែកជាមួយរដ្ឋាភិបាលធ្វើសមាហរណកម្មខ្សែចង្វាក់តម្លៃក្នុងតំបន់

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកថា សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងសង្គម ខណៈកម្ពុជាក៏មានជាង៤ម៉ឺនសហគ្រាស បានរួមចំណែកជាមួយរដ្ឋាភិបាលធ្វើសមាហរណកម្មខ្សែចង្វាក់តម្លៃផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងកម្មវិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ពិតណាស់ចំពោះសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងសង្គម។

ក្នុងនោះឯកឧត្តមថា តាមស្ថិតិសរុបផ្នែកកម្មន្តសាលមានសហគ្រាសជាង ៤ម៉ឺន មូលដ្ឋាន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនៃសក្តានុពលធនធានក្នុងស្រុក និងការទទួលយកនូវការផ្ទេរបច្ចេកវិទ្យាថ្មីៗ។

គួរបញ្ជាក់ដែរថា កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ សហគ្រាសទាំងនោះ ក៏បានចូលរួមជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីអបអរសាទរ ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកម្ពុជាប្រារព្ធជាលើក ដំបូងក្នុងឆ្នាំ២០២១ និងបានចូលរួមជាមួយគណៈកម្មការសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម អាស៊ាន (ACCMSME) ដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័រព័ត៌មានអាជីវកម្មក្នុងតំបន់អាស៊ាន មាន ឈ្មោះថា ASEAN Access និងគេហទំព័រព័ត៌មានសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា មានឈ្មោះថា “KhmerSME”។

គេហទំព័រព័ត៌មានទាំងពីរខាងលើនេះ គឺជាយន្តការផ្ដល់ព័ត៌មានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីច្បាប់ និងបទប្បញ្ញត្តិអាជីវកម្ម គោលនយោបាយ និងកម្មវិធីគាំទ្រ និងការបណ្ដុះបណ្ដាលបច្ចេកទេសផ្សេងៗ ដែល គម្រោងនេះនឹងបន្តអនុវត្តន៍រយៈពេល០៣ឆ្នាំបន្តទៀត។

លើសពីនេះ ក្រសួងបានបង្កើតកម្មវិធីគាំទ្រដល់ការ ភ្ញាស់អាជីវកម្មថ្មី (Cambodia Business Incubation) និងកម្មវិធី Startup នានា ដែលជាឱកាសដល់ សិស្សនិស្សិត សហគ្រិនស្ត្រីក្នុងការចាប់ផ្ដើមអាជីវកម្មដំបូងផងដែរ៕