ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ដូចជាគោលនយោបាយនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលជាដើម ។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ដូចនេះបានធ្វើឡើងនៅក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធ សេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មោះមុតរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាជាពិសេសការជួយទំនុកបម្រុងដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឱ្យនៅបន្តមានដំណើរការប្រកបដោយនិរន្តរភាព នៅក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩។ ជាពិសេថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាទាំងអស់ ដែលបានលះបង់ធនធាន រួមចំណែកជាវិភាគទានជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកិច្ចការសង្គមផ្សេងៗ និងការផ្តល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ និងសិស្សឆ្នើមនានានាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថាធនធានមនុស្សគឺជាមូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេសមួយធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង៕