នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្រោយជំនួបពិភាក្សាការងារទ្វេភាគី នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា កម្ពុជា-ឡាវ បានផ្ដោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍវិស័យថាមពល។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងដឹងថាឡាវ គឺជាធុងអាគុយអគ្គិសនីនៅតំបន់អាស៊ាន ខណៈកម្ពុជាក៏ជាទីផ្សារមួយ ដែលមានតម្រូវការអគ្គិសនីចេញពីឡាវ ដូច្នេះប្រទេសទាំងពីរបានផ្ដោតយកចិត្តទុកដាក់សហការគ្នា ទៅលើការអភិវឌ្ឍវិស័យថាមពល ទាំងបញ្ហាវារីអគ្គិសនី និងធ្យូងថ្មផងដែរ។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី លើកឡើងថា កម្ពុជា-ឡាវ ក៏បានយល់ស្របជាមួយគ្នាទាក់ទិនទៅនឹងការតភ្ជាប់រវាង ខេត្តជាប់ពំ្រដែន នៃប្រទេសទាំងពីរ ដែលនេះជាការផ្ដល់អំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាងនេះទៀត កម្ពុជា-ឡាវ បន្ដខិតខំធ្វើការងារទាំងឡាយ ទាក់ទងទៅនឹងបញ្ហាព្រំដែន ឱ្យទៅជាព្រំដែនដែលសន្ដិភាព សហប្រតិបត្តិការ ព្រមទាំងដោះស្រាយបញ្ហាទាំងអស់នាពេលខាងមុខនេះផងដែរ៕