ក្រសួងអប់រំ កំណត់ឱ្យគ្រឹះស្ថានសិក្សាឯកជន បញ្ចូលមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរក្នុងកម្មវិធីសិក្សា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រប់«គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ»ត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សាខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីណែនាំ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានបញ្ជាក់ថា ណែនាំបែបនេះ គឺដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ញាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ។
ក្រសួងអប់រំ យុវជន និងកីឡា ក៏ណែនាំ តម្រូវឱ្យសិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច ហើយគ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ ផងដែរ។
ជាមួយគ្នាក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏លើកឡើងដែរថា ការជួយថែរក្សាអត្តសញ្ញាណជាតិខ្មែរតាមរយៈដាក់ការបណ្តុះបណ្តាលភាសាខ្មែរជាភាសាកាតព្វកិច្ច នៅក្នុងគ្រឹះស្ថានអប់រំឯកជន គឺជាកត្តាអាទិភាពចម្បង។

ក្នុងន័យនេះ គឺ ឯកឧត្តមបណ្ឌិត ជំរុញឱ្យមានការរៀនភាសាខ្មែរឱ្យបានជ្រៅជ្រះសម្រាប់សិស្សដែលមានសញ្ជាតិខ្មែរ ព្រមទាំងបញ្ចូលបន្ថែមនូវចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ដែលជាតិខ្មែរយើងតែងបានប្រកាន់រៀងមក ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅជំនាន់ក្រោយរបស់យើង អាចរក្សាបានទាំងចំណេះដឹង និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន៕